(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់ លើការដាក់សម្ពាធជ្រុលហួសហេតុពីមន្រ្តីឥណទាន នៅក្នុងខេត្តរតនគិរី។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា សមាគមទាំងពីរ មានការយកចិត្តទុកដាក់ ទៅលើការចោទប្រកាន់ទាក់ទងទៅនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុល ពីមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងខេត្តរតនគិរី។
សមាគមទាំងពីរ សូមជម្រាបជូនសាធារណជនជ្រាបថា សមាគមបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើរបៀបវារៈនៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនូវគោលការណ៍ការពារ អ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ទាក់ទងនឹងករណីចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើឲ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ទៅលើករណី ចោទប្រកាន់ទាំងអស់នោះ។
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និង ភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេត ឯករាជ្យមួយផ្សេងទៀត។
ប្រសិនបើពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬបុគ្គលពាក់ព័ន្ធ។ វិធានការដ៏ម៉ឺងម៉ាត់នេះគឺជាការចាំបាច់ដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលលើបញ្ហានេះ ហើយសមាគមទាំងពីរសង្ឃឹមថានៅពេលអនាគត យើងនឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។
ដោយមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា សមាគមទាំងពីរនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទាំងរបៀបវារៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមជាមួយនឹងការធានាថា សមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវគោលការណ៍នៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តឱ្យបានហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សមាគមទាំងពីរ នឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវនិងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍របស់អតិថិជន និងផលប្រយោជន៍របស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕