(ភ្នំពេញ)៖ ការនាំចេញកសិផលរបស់កម្ពុជា នៅរយៈពេល៧ខែ ឆ្នាំ២០២៣នេះ សម្រេចបានទឹកប្រាក់ជាង២៦០០លានដុល្លារ ធ្លាក់ចុះ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមកញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៤ ៥១៤ ៨៩៣.៧៤តោន ក្នុងនោះអង្ករចំនួន ៣៦២ ៧០៨តោន, ស្រូវចំនួន ១ ៥១០ ៨៥០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥.៧៤តោន ទៅកាន់ទិសដៅ ៦៨ប្រទេសថយចុះ ១៩.២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៦២៩ ៥៩៦ ៥២៤.៥៦ដុល្លារ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារ តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៨១១ ១៣៩ ៧៣២.៥៦ដុល្លារ។

អ្នកនាំពាក្យបន្ថែមថា «ថ្វីត្បិតតែការនាំចេញកសិផល ទៅទីផ្សារក្រៅប្រទេស មាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ៣.៣២% ដែលនេះជាសញ្ញាណវិជ្ជមាន ឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ កើនឡើងដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន»

កញ្ញាបន្តថា តម្លៃអង្ករលើទីផ្សារអន្តរជាតិ បាននិងកំពុងតែហក់ឡើង។ ម្ល៉ោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ច ពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីន ក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕