(វាស៊ីនតោន)៖ ប្រធានាធិបតីលោក ចូ បៃឌិន (Joe Biden) ត្រូវបានរំពឹងថានឹងចេញបញ្ជាប្រតិបត្តិដែលរង់ចាំជាយូរមកហើយដើម្បីសម្រិតសម្រាំងការវិនិយោគនៅក្រៅប្រទេសលើវិស័យបច្ចេកវិទ្យារសើបទៅកាន់ប្រទេសចិននៅដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ។

ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គោលដៅរបស់បញ្ជាប្រតិបត្តិនេះគឺដើម្បីការពារមូលធននិងចំណេះជំនាញរបស់សហរដ្ឋអាមេរិកពីការពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលនឹងគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ការបញ្ជាប្រតិបត្តិនេះត្រូវបានរំពឹងថានឹងកំណត់គោលដៅលើមូលនិធិឯកជនរបស់សហរដ្ឋអាមេរិក មូលធនវិនិយោគឯកជន និងការវិនិយោគរួមគ្នានៅក្នុងប្រទេសចិនក្នុងវិស័យបន្ទះឈីប បច្ចេកវិទ្យា quantum computing និងបញ្ញាសិប្បនិម្មិត។ ការវិនិយោគភាគច្រើនដែលស្ថិតក្រោមបញ្ជាប្រតិបត្តិនេះនឹងត្រូវបានតម្រូវឱ្យជូនដំណឹងដល់រដ្ឋាភិបាលអាមេរិក។ ប្រភពដដែលបានឱ្យដឹងថា ប្រតិបត្តិការមួយចំនួននឹងត្រូវបានហាមឃាត់។

លោក Cordell Hull អតីតមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រាប់រ៉យទ័រថា៖ «វាជួយបំពេញចន្លោះខ្វះខាតនៅក្នុងរបបបច្ចុប្បន្នរបស់យើង» ។ លោកបានបន្តថា៖ «យើងមានការហាមឃាត់លើការនាំចេញបច្ចេកវិទ្យា។ យើងមានការដាក់កំហិតលើការវិនិយោគក្នុងប្រទេស។ វានឹងជួយទប់ស្កាប់ចន្លោះប្រហាងលើការផ្តល់មូលនិធិ និងចំណេះជំនាញ ហើយផ្តល់ឱ្យរដ្ឋាភិបាលនូវលទ្ធភាពគ្រប់គ្រងលំហូរមូលធនទាំងនេះ»

យោងតាមប្រភពដដែល បទប្បញ្ញត្តិនេះមិនត្រូវបានរំពឹងថានឹងចូលជាធរមានភ្លាមៗនោះទេ ហើយរដ្ឋាភិបាលអាមេរិកនឹងស្នើសុំឱ្យមានការបញ្ចេញមតិយោបល់ពីភាគីពាក់ព័ន្ធលើបទប្បញ្ញត្តិរបស់ខ្លួន។ អាមេរិកបានប្រជុំជាមួយភាគីពាក់ព័ន្ធរួចហើយ ហើយបានពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕