(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានលើកឡើងថា បន្ទាប់ពីឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន បានជះឥទ្ធិពលខ្លះៗដល់ការរកស៊ីក្នុងវិស័យស្រូវអង្ករនៅកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីឥណ្ឌាបិទការនាំចេញអង្ករ ធ្វើឱ្យតម្លៃស្រូវកើនឡើងមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ពោលគឺកើនឡើងប្រមាណ២០% ដែលធ្វើឱ្យកសិកររីករាយជាមួយនេះនឹងការកើនឡើងតម្លៃស្រូវ។ ដោយឡែកបច្ចុប្បន្ននេះ តម្លៃអង្ករ មានការកើនឡើងតិចតូច គឺពី៤ទៅ៥%។
លោកបន្តថា ករណីតម្លៃស្រូវឡើងខ្ពស់លើសពីតម្លៃអង្ករ នឹងបណ្តាលឱ្យការនាំចេញអង្កររបស់កម្ពុជា មានការថមថយជាងមុន។
លោកបន្ថែមថា ខណៈនេះ គឺជាពេលវេលាសំខាន់ដែលកម្ពុជា ត្រូវការគ្រប់គ្រងទិន្នន័យ ការនាំចេញស្រូវទៅប្រទេសវៀតណាម ដែលអាចជំរុញពីការនាំចេញក្រៅផ្លូវការមកធ្វើការនាំចេញជាផ្លូវការវិញ។ ហើយជាមួយគ្នានេះ ត្រូវពង្រឹងការគ្រប់គ្រងបរិមាណនាំចេញក្នុងកម្រិតណាមួយ ដើម្បីឱ្យរោងម៉ាស៊ីនក្នុងស្រុក អាចទិញស្តុកសម្រាប់ស្តុកទុកស្បៀងក្នុងរយៈពេល១ខែ ឬ២ខែ ទៅមុខទៀត រហូតដល់ការប្រមូលផលស្រូវវស្សានៅអំឡុងដែលវិច្ឆិកាខាងមុខ។
លោកបន្តថា «យើងសន្និដ្ឋានបានថា ពិភពលោកមិនខ្លះស្បៀងនោះទេ គឺបរិមាណដែលប្រទេសនីមួយៗបាននាំចូលរយៈពេល៦ទៅ៧ខែមកនេះ ស្ទើរតែជិត២០លានតោនសម្រាប់ប្រភេទអង្ករស ដែលវាគ្រប់គ្រាន់សម្រាប់ប្រទេសនីមួយៗ ប៉ុន្តែការទិញដោយគំហុក ស្លន់ស្លោនេះ គ្រាន់តែជាការគិតគូរពីការប្រែប្រែអាកាសធាតុ និងគិតគូរពីសន្តិសុខស្បៀង អ៉ីចឹងហើយបានប្រទេសនោះសម្រុកទិញស្រូវ ឬអង្ករដើម្បីស្តុកទុក មិនមែនដើម្បីហូបឥឡូវទេ តែដើម្បីស្តុកក្នុងឃ្លាំងប៉ុណ្ណោះ»។
លោក កៅ ថាច អគ្គនាយកធនាគារ ARDB បានលើកឡើងថា ស្រូវឡើងថ្លៃនឹងផ្តល់ផលល្អសម្រាប់កសិករដែលបានផលិតដែលធ្វើឱ្យកសិករទទួលបានផលចំណេញ។ ប៉ុន្តែសម្រាប់អ្នកនាំចេញអាចរងផលប៉ះពាល់ដោយសារតែស្រូវឡើងថ្លៃលើសអង្ករខ្លាំងពេក ធ្វើឱ្យពួកគេគ្មានលទ្ធភាពទិញយកទៅកែច្នៃដើម្បីនាំចេញ។
ជាមួយគ្នានេះលោកបារម្ភថា អង្ករសដែលជាប្រភេទស្រូវនាំចេញទៅវៀតណាម អាចនឹងឡើងថ្លៃនៅលើទីផ្សារក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏គ្រាន់តែជាការសន្និដ្ឋានដំបូងប៉ុណ្ណោះ ដោយសារតែការប្រមូលផលនៅខេត្តមួយចំនួនទើបតែចាប់ផ្តើមប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ។ ដោយឡែកការនាំចេញស្រូវចំនួន ២ ៤៩៨ ៥៨៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៦៣.៥១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕