(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ប្រព័ន្ធបាគង មានសមាជិកសរុបចំនួន៧០ស្ថាប័ន ក្នុងនោះមានសមាជិកចំនួន ៤៩ស្ថាប័នកំពុងដំណើរការជាផ្លូវការ ខណៈការប្រើប្រាស់បាគងជាប្រាក់រៀល និងប្រាក់ដុល្លារមានជាង ១១ពាន់លានដុល្លារនៃប្រតិបត្តិការមានជាង ៤៤.៥លានប្រតិបត្តិការ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធបាគង មានប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ១១.៥៩លាន ប្រតិបត្តិការកើនឡើង ៤.៧ដង គិតជាទឹកប្រាក់សរុបចំនួន ១២.២៤ទ្រីលានរៀល (ឬស្មើជាង ២៩៨០លានដុល្លារ) កើនឡើង១.៨ដង។ ដោយឡែកប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកចំនួន ២១.៣២លានប្រតិបត្តិការ កើនឡើង ១.៦ដង គិតជាទឹកប្រាក់សរុបចំនួន ៨.៧០ ប៊ីលានដុល្លារអាមេរិក កើនឡើង៨៣.០២%។
លោកស្រី ជា សិរី ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ចំពោះការប្រើប្រាស់ប្រព័ន្ធបាគង ដោយផ្ទាល់មានចំនួនជិត ៦០ម៉ឺននាក់ ដាច់ដោយឡែក អ្នកប្រើប្រាស់បាគងដោយប្រយោល មាន (ប្រើប្រាស់តាមប្រព័ន្ធធនាគារផ្សេងៗ) មានជាង ១០លានគណនី និងចំនួននាក់ប្រើប្រាស់មានប្រមាណ ៧ ទៅ៨លាននាក់នៅកម្ពុជា។
ក្រៅពីការប្រើប្រាស់ប្រព័ន្ធបាគង ការប្រើប្រាស់ប្រព័ន្ធ KHQR Code ក៏មានសន្ទុះកើនឡើងផងដែរ។ ក្នុងនោះគិតត្រឹមខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធ KHQR Code មានចំនួនអ្នកប្រតិបត្តិការប្រមាណជាង ៣៨ម៉ឺនប្រត្តិការ និងមានទឹកប្រាក់ចំនួន ៦១លានដុល្លារ ក្នុងនោះការទូទាត់ជាប្រាក់រៀល មានប្រមាណ៩៧ប៊ីលានរៀល ឬស្មើនឹង២៣លានដុល្លារ ចំណែកការទូរទាត់ជាប្រាក់ដុល្លារមាន ៣៨លានដុល្លារ។
ទន្ទឹមនោះក្នុងគោលបំណងពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ និងប្រទេសវៀតណាម ហើយក៏បានពង្រឹងផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វ៊ីជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នា និងគ្នា។
សូមជម្រាបថា ប្រព័ន្ធ បាគង ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធបាគងប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចធ្វើឲ្យអតិថិជនប្រតិបត្តិការភ្លាមៗដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
ទន្ទឹមនោះប្រព័ន្ធបាគងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុក៏ដូចជា ផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជា ក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស។
ប្រព័ន្ធ KHQR Code ជាប្រព័ន្ធបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឲ្យមានការទូទាត់ប្រាក់ ពីគ្រឹះស្ថានធនាគារ និង E-wallet ដែលជាសមាជិក លើស្លាកសញ្ញា QR Code តែមួយ ដោយមិនចាំបាច់ប្រើប្រាស់ស្លាកសញ្ញា QR Code របស់ធនគារផ្សេងៗឡើយ ទាំងនេះជាការផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករ ក្នុងការទូទាត់ប្រាក់ និងផ្ទេរប្រាក់ជាដើម។
ប្រព័ន្ធ KHQR Code នេះត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕