(ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង៩១០លានដុល្លារពីនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ ខែឆ្នាំនេះ។

ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ។ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥២ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥២ ដែលក្នុងនោះ ប្រទេសចិន និងហុងកុងបានចំនួន ១៤១ ៩៥០ តោន ដែលគិតជាទឹកប្រាក់បានចំនួន  ៩០.២៧ លានដុល្លារ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួន ១៤១ ៣៩៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១០០.៣១ លានដុល្លារ និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ ប្រទេស បានបរិមាណចំនួន ៣០ ១៧១ តោន គិតជាទឹកប្រាក់ចំនួន ២០.៥៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ..។ល។ ចំនួន២២ ប្រទេសបានចំនួន ៤៩ ១៩៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៧៤ លានដុល្លារ។

ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករស ចំនួន ១២.៦៣%  អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២% ។

សហព័ន្ធបន្តថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៩៨ ៥៨៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៦៣.៥១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕