(ភ្នំពេញ)៖ ប្រទេសណាក៏ដោយតែងចង់បានស្ថិរភាព ពុំចង់មានសង្រ្គាម ពុំចង់បានការជាប់គាំងនយោបាយ និងពុំចង់ឲ្យពិភពលោក កាត់ផ្ដាច់ទំនាក់ទំនងអន្តរជាតិនោះឡើយ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យប្រទេសមួយអាចអភិវឌ្ឍ ទៅរកផ្លូវវិជ្ជមាន ដើម្បីផលប្រយោជន៍ប្រជាជន។ ប៉ុន្តែមានការលើកឡើងតៗគ្នា នៅក្នុងបណ្ដាញសង្គម និងបណ្ដាសារព័ត៌មាននានា បានសំដែងក្ដីបារម្ភអំពីការអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលថ្មី ដែលគ្រប់គ្រងដោយឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មកពីគណបក្សប្រជាជនកម្ពុជា។ ក្ដីបារម្ភទាំងនោះ ភាគច្រើនចេញមកពី ក្រុមអ្នកដែលធ្លាប់តែរិះគន់ ទៅលើរាជរដ្ឋាភិបាលកន្លងមក។
រយៈពេលជាង៣០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង វិស័យទេសចរណ៍ និងផ្នែកខ្លះនៃវិស័យសាងសង់ ដោយសារតែសន្ទុះនៃការនាំចេញនៃវិស័យទាំងនេះ និងកំណើននៃការវិនិយោគផ្ទាល់ពីបរទេស។ គោលនយោបាយនេះ បានធ្វើប្រជាពលរដ្ឋមានជីវភាពធូរធារ និងក្រុមគ្រួសាររបស់គេមានសុភមង្គល ជារឿយៗ។
ទាក់ទងនឹងការអភិវឌ្ឍនេះ ប្រជាពលរដ្ឋចង់ឱ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចខ្លះ ដើម្បីកសាងមូលដ្ឋាននាវាកម្ពុជា ក្លាយជាប្រទេសជឿនលឿន។ ជាក់ស្ដែង ប្រជាពលរដ្ឋជាច្រើន ដែលស្ថិតនៅក្នុងវិស័យកសិកម្ម ចង់បានទីផ្សារកសិផលជាក់លាក់ ហើយយុវជនវិញ ដែលចូលនៅក្នុងទីផ្សារការងារប្រមាណ ២០ម៉ឺននាក់រៀងរាល់ឆ្នាំ ចង់បានជំនាញ និងការងារជាក់លាក់។ មានន័យថា កម្ពុជាទាមទារនូវគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតប ទៅនឹងវិស័យទាំងនោះ ដែលភាគច្រើន ប្រជាពលរដ្ឋកំពុងជះប្រទះការលំបាក។ ហេតុផលមួយចំនួន ដែលធនាគារពិភពលោក រកឃើញថា វិស័យកសិកម្មកម្ពុជា មានកំណើនប្រចាំឆ្នាំ ប៉ុន្តែកំណើននោះ ហាក់ស្ថិតនៅបណ្ដុំលើប្រភេទកសិផលមួយចំនួន ដូចជាដំឡូងមី ស្វាយចន្ទី ស្រូវអង្ករ ជាដើម។ ប្រភេទកសិផលខ្លះ ស្ថិតនៅក្នុងការយកចិត្តទុកតិចតួច ពីអ្នកតាក់តែងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ដូចជា ផ្លែមៀន ស្វាយ ម្នាស់ និងបន្លែជាដើម។
បើយើងមើលនៅក្នុងគោលនយោបាយកសិកម្ម មានតែគោលនយោបាយស្រូវអង្ករ និងគោលនយោបាយដំឡូងមីប៉ុណ្ណោះ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដោយសារតែប្រជាជនភាគច្រើន កំពុងដាំដុះស្រូវជាដំណាំប្រភេទទីមួយ និងដំឡូងមីជាប្រភេទទីពី ដែលដាំដុះច្រើនជាងគេបំផុតនៅទូទាំងប្រទេស។ ជាក់ស្ដែងវិស័យស្រូវអង្ករគ្របដណ្ដប់ប្រមាណ ៧០%នៃផ្ទៃដីដាំដុះ និងទទួលបានទិន្នផលប្រមាណ ៥០% បើធៀបនឹងទិន្នផលនៃវិស័យកសិកម្មសរុប។ បរិមាណស្រូវដែលកម្ពុជាផលិតបាន មានប្រមាណ ១១លានតោនគិតឆ្នាំ២០២០ ដែលច្រើនជាងពាក់កណ្ដាលបរិមាណស្រូវ ត្រូវនាំចេញក្រៅផ្លូវការទៅប្រទេសជិតខាង។
ចំណែកវិស័យដំឡូងមីមានចំណែករហូតដល់ ៤%នៃទំហំសេដ្ឋកិច្ចជាតិ ដែលមានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន ១៣កំពុងដាំដុះ។ រៀងរាល់ឆ្នាំ ទុនវិនិយោគដាំដុះដំឡូងមី មានប្រមាណ ៣០០លានដុល្លារអាមេរិក លើផ្ទៃជាង ៦០ម៉ឺនហិចតា។ ការនាំចេញភាគច្រើនជាដំឡូងមីស្រស់ និងចំណិត តាមរយៈខេត្តជាប់ព្រុំដែនកម្ពុជាថៃ ដែលកម្ពុជាទទួលបានចំណូលជាង ៧០០លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។
តួរលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញផលិតកសិកម្មកែច្នៃ និងមិនទាន់កែច្នៃមានចំណែករហូតដល់ ៣០%នៃការនាំចេញសរុប នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣។
ក្រុមអ្នកជំនួញលើវិស័យកសិកម្មកម្ពុជា ធ្លាប់លើកឡើងថា ដើម្បីឲ្យកសិករមានជីវភាពធូរធារ ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម គឺជាកត្តាចាំបាច់បំផុត ដើម្បីបង្កើតតម្លៃបន្ថែមពីវិស័យកសិកម្ម ចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិ និងបង្កើតប្រាក់ចំណូលប្រជាកសិករ។
បច្ចុប្បន្នបើយោងតាមការសិក្សារបស់ធនាគារពិភពលោក វិស័យកសិកម្មបានចូលរួមចំណែកបង្កើតប្រាក់ចំណូលប្រជាជននៅជនបទ តិចជាង ១០%ប្រចាំឆ្នាំ បើធៀបទៅការងារនៅទីក្រុង ដែលមានកំណើនខ្លាំង បើគិតត្រឹមឆ្នាំ២០២០។
ទោះជាយ៉ាងណាក៏ដោយ បើយើងលើកយកមូលដ្ឋានស្រាវជ្រាវជាក់ស្ដែង របស់ស្ថាប័នអភិវឌ្ឍនានាថា កម្ពុជាមានការអភិវឌ្ឍ។ ធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចឆ្នាំ ២០២៣ មានកំណើន ៥.៥% និងនៅឆ្នាំ២០២៤ មានអត្រាកំណើន ៦%។ ស្របពេលដែលធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ស្រដៀងគ្នាដែរ។ គិតត្រឹមឆ្នាំ ២០២៣ តម្លៃសេដ្ឋកិច្ចជាតិ (ទំហំសេដ្ឋកិច្ចគិតជាលុយ) គិតជាប្រាក់ដុល្លារអាមេរិកមាន ចំនួន ៣ម៉ឺន២ពាន់លានដុល្លារ ដែលកើនលើសពីឆ្នាំ២០២២ ដែលមានតម្លៃប្រមាណ ៣ម៉ឺនលានដុល្លារអាមេរិក។
ក្នុងរយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងវិលត្រឡប់ ទៅរកសក្ដានុពលឡើងវិញ ក្នុងអត្រា៦% ដោយសារតែ ទីមួយ៖ ការនាំចេញទំនិញ និងសេវាកម្ម ទីពីរ៖ លំហូនេះការវិនិយោគផ្ទាល់ពីបរទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរី ដែលទើបផ្ដល់សច្ចាប័នថ្មីៗ និងទីបី កំណើននៃការវិនិយោគរបស់វិស័យឯកជន រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។
អត្ថប្រយោជន៍ទាំងនេះហើយ ដែលស្ថាប័នព្យាករណ៍អន្តរជាតិនានាលើកឡើងថា រហូតឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនជាបន្តបន្ទាប់ ដែលមានអត្រារហូតដល់ ៦.៣% ដែលចូលរួមខ្លាំង ពីវិស័យឧស្សាហកម្ម ដែលមានកំណើនរហូតដល់ ១០% បើធៀបនិងវិស័យកសិកម្ម និងសេវាកម្ម មានកំណើន ១.៥% និង៦% ផ្សេងគ្នា។
បន្ថែមលើនេះ ការស្រាវជ្រាវដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិ នៅឆ្នាំ២០២៣ លើកឡើងថា អ្នកវិនិយោគជប៉ុន និងកូរ៉េខាងត្បូង នៅតែគិតថាប្រទេសកម្ពុជា នៅតែជាទីកន្លែងសមស្របនៅអាស៊ានដោយសារតែ ទីមួយ៖ កម្ពុជាមានចំនួនយុវជនពេញកម្លាំងធ្វើការបាន មានរហូតដល់ ៦លាននាក់ ដែលមានអាយុ ចន្លោះពី១៥ទៅ៣៤ឆ្នាំ ទីពីរ៖ រដ្ឋាភិបាលមានស្ថិរភាព ដែលគាំទ្រដល់បរិយាកាសជំនួញ (ដែលខុសពីនៅប្រទេសថៃ) ទីបី៖ ថ្លៃពលកម្មទាប ទីបួន៖ កំណើននៃតម្រូវការទំនិញ និងទីប្រាំ វិស័យហេដ្ឋារចនាសម្ព័ន្ធកំពុងមានការអភិវឌ្ឍ។
ដោយឡែកការព្យាកណ៍របស់ធនាគារពិភពលោក បានបង្ហាញថា រហូតដល់ឆ្នាំ ២០២៥ ប្រាក់ចំណូល និងជំនួយដែលរដ្ឋាភិបាលកម្ពុជាទទួលបាន មានតម្លៃប្រមាណ ២៥%នៃតម្លៃសេដ្ឋកិច្ចកម្ពុជា ដែលកើនឡើងលើសឆ្នាំ២០២២ ដែលមានអត្រា២២% ប៉ុណ្ណោះនៃទំហំសេដ្ឋកិច្ចជាតិ នេះបើយោងតាមការព្យាករណ៍ របស់ធនាគារពិភពលោក ប្រចាំកម្ពុជា។ ធនាគាពិភពលោកដដែលបញ្ហាក់ទៀតថា លុយដែលបានមកពីការនាំចេញទំនិញរបស់កម្ពុជា នឹងមានតម្លៃ ៤៥០០០ លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ដែលនៅឆ្នាំ ២០២២ មានតម្លៃប្រមាណ ២៥០០០ (២ម៉ឺន៤ពាន់)លានដុល្លារអាមេរិក។
ការវិនិយោគនៅត្រឹមឆ្នាំ២០២៥ វិញ រាជរដ្ឋាភិបាលអាចនឹងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលមានតម្លៃទឹកប្រាក់ ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដែលនៅឆ្នាំ២០២២ មានតម្លៃលំហូវិនិយោគសុទ្ធ ប្រមាណ ៣៥០០ លានដុល្លារអាមេរិក។ តួលេខនេះ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាទំនងជានឹងអាច អភិវឌ្ឍប្រទេសកាន់តែសម្បូរបែបជាងមុន ដើម្បីលើកស្ទួយជីវភាពកសិករ និងបង្កើតការងារដល់យុវជនគ្រប់រូប នៅរយៈពេលមធ្យមខាងមុខ៕
ដោយ៖ អាន ស៉ីថាវ