(បាងកក)៖ សំណើរបស់អាជ្ញាធរថៃ ឱ្យកសិករកាត់បន្ថយការដាំស្រូវ ដើម្បីសន្សំសំចៃទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្សោយ បង្កការគំរាមកំហែងថ្មីមួយទៀត ដល់ការផ្គត់ផ្គង់អង្ករពិភពលោក បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិមួយចំនួន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Surasri Kidtimonton អគ្គលេខាធិការការិយាល័យធនធានទឹកជាតិ (ONWR) ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា កសិករនៅតំបន់វាលទំនាបកណ្តាល បានដាំស្រូវភាគច្រើនរួចហើយ ប៉ុន្តែរដ្ឋាភិបាលកំពុងលើកទឹកចិត្តឱ្យប្តូរទៅដំណាំផ្សេងទៀត ដែលត្រូវការទឹកតិច។
ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេមួយ ក្នុងពិភពលោកកំពុងមានភ្លៀងធ្លាក់តិច ខណៈដែលប្រទេសនេះទប់ទល់នឹងគ្រោះរាំងស្ងួត ដែលអាចកើតមាននៅឆ្នាំក្រោយ ដោយសារបាតុភូតអាកាសធាតុអ៊ែលនីណូ (El Niño) ដែលឈានទៅរកភាពរាំងស្ងួតកាន់តែខ្លាំង។
យោងតាមលោក Surasri បានឱ្យដឹងថា កម្រិតទឹកភ្លៀងរហូតមកទល់ពេលនេះ នៅតំបន់ភាគកណ្តាល គឺទាបជាងកម្រិតធម្មតាប្រហែល ៤០% ហើយវិធានការទប់ស្កាត់ការដាំដុះស្រូវ គឺដើម្បីជួយសន្សំសំចៃទឹក សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
លោកបានថ្លែងកាលពីថ្ងៃអង្គារថា «អ្វីដែលគួរឱ្យព្រួយបារម្ភគឺបាតុភូត El Nino អាចនឹងបន្តរហូតដល់ឆ្នាំ២០២៥។ យើងត្រូវរៀបចំផែនការគ្រប់គ្រងទឹកទូទាំងប្រទេសដោយប្រយ័ត្នប្រយែង»។
លោកបន្តថា មកទល់ពេលនេះ ស្រូវកំពុងត្រូវបានដាំដុះលើផ្ទៃដីជាង ១១លានរ៉ៃ ដោយកសិករដែលមិនទាន់ចាប់ផ្ដើមដាំត្រូវបានជំរុញឱ្យពន្យារផែនការ ឬប្តូរទៅដាំដំណាំធន់នឹងគ្រោះរាំងស្ងួតជាងនេះ។
យោងតាមក្រសួងកសិកម្ម តំបន់ទំនាបកណ្តាលរបស់ប្រទេសថៃត្រូវបានរំពឹងថាមានជិត ១៤% នៃផ្ទៃដីដាំដុះស្រូវសរុបក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថានឹងមានប្រហែល ១៩% នៃការប្រមូលផលស្រូវសំខាន់ៗនៅរដូវប្រមូលផលឆ្នាំ២០២៣-២០២៤។ លោក Surasri បានបន្ថែមថា កម្រិតទឹកនៅក្នុងអាងស្តុកទឹកសំខាន់ៗក្នុងតំបន់មានប្រហែល ៥១% នៃសមត្ថភាពស្តុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕