(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណើរបស់សហព័ន្ធស្វាយចន្ទី ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានយល់ព្រមបន្ធូរបន្ថយ ចំពោះលក្ខខណ្ឌនៃការដាក់ទ្រព្យបញ្ចាំដល់អ្នកផលិត និងកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បីផ្តល់ភាពស្រួល ក្នុងការទទួលបានកម្ចី និងដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយធនគារ SME Bank លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថាសហព័ន្ធស្វាយចន្ទី បានជួបពិភាក្សាជាមួយ SME Bank ក្នុងគោលបំណងស្វែងរកការគាំទ្រ និងសហការយ៉ាងស្អិតរមួតជាមួយធនាគាររបស់មួយនេះ ជាពិសេសជួយសំខាន់ទៅលើសហគ្រាសខ្នាតតូច និងមធ្យម។
លោកបន្តថា សហព័ន្ធស្វាយចន្ទីកម្ពុជា បានស្នើសុំដល់ធនគារ SME Bank ក្នុងការបន្ធូរបន្ថយនូវទ្រព្យបញ្ចាំសម្រាប់អ្នករកស៊ីក្នុងវិស័យស្វាយចន្ទី ដែលខ្វះទុនក្នុងការពង្រីកផលិតកម្មរបស់ខ្លួន ព្រោះអ្នកផលិត ឬកែច្នៃស្វាយចន្ទី ដែលស្ថិតនៅជនបទ មានជាប្រភេទប្លង់ទន់។ ជាមួយគ្នា លោកក៏ស្នើសុំឱ្យធនគារ SME Bank ជួយសម្រួលដល់លក្ខខណ្ឌនៃការបង់សងត្រឡប់ទៅវិញផងដែរ។
លោកបន្តថា ឆ្លើយតបនឹងសំណើរនេះធនគារ SME Bank បានយល់ព្រមបន្ធូrបន្ថយការដាក់ទ្រព្យបញ្ចាំ ដោយមិនតម្រូវឱ្យមានតែប្លង់រឹងនោះទេ សូម្បីតែប្លង់ទន់ដែលមានការទទួលស្គាល់ត្រឹមថ្នាក់ស្រុក ក៏អាចដាក់ជាទ្រព្យបញ្ចាំបានផងដែរ។
ចំណែកលក្ខខណ្ឌនៃការបង់សងត្រឡប់មកវិញ ក៏ធនាគារនេះផ្តល់ល្អជាងមុនផងដែរ គឺបង់តាម Tearm OD ពោលគឺនៅដែលទទួលបានកម្ចីហើយ ទាល់តែយកលុយទៅប្រើប្រាស់ ទើបគិតការប្រាក់ ដែលជាការផ្តល់ភាពងាយស្រួល ដល់អ្នកដែលរកស៊ីក្នុងវិស័យស្វាយចន្ទី ព្រោះជាទូទៅការទិញលក់ស្វាយចន្ទី គឺធ្វើឡើងតាមរដូវកាល។
លោកបន្តថា «បើយើងមានលក្ខខណ្ឌការខ្ចីជាលក្ខណៈTearm OD នឹងល្អសម្រាប់អ្នកដែលរកស៊ីក្នុងវិស័យស្វាយចន្ទី។ នេះជាអ្វីដែលសហព័ន្ធស្វាយចន្ទីសប្បាយចិត្តជាមួយនឹងធនាគារ SME Bank ដែលជួយរឿងការងារនេះ»។
លោកបន្តថា ចំពោះអត្រាការប្រាក់វិញធនាគារនេះ នឹងផ្តល់ក្នុងអត្រាចន្លោះពី ៥ទៅ៥.៥% សម្រាប់សមាជិករបស់សហព័ន្ធស្វាយចន្ទីកម្ពុជា៕