(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ការលក់ខុនដូមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងបរិមាណ ១២.៩ភាគរយ បន្ទាប់ពីថមថយប្រមាណជាង២ឆ្នាំមកនេះ ដោយសារវិបត្តិសាកលជំងឺកូវីដ១៩។ នេះបើយោងតាមរបាការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
ជារួមចំពោះវិស័យសំណង់ និងអចលនទ្រព្យឃើញថា វិស័យសំណង់បានងើបឡើងមកវិញ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ ០.៤%។ ចំពោះគម្រោងសាងសង់ដែលទទួលបានការអនុម័ត តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូវបានប៉ាន់ស្មានថា មានកំណើន១,៣ដង (ឆ្នាំលើឆ្នាំ) ខណៈចំនួនគម្រោងបានថយចុះ -៩%។
ចំណែក្នុងវិស័យអចលនទ្រព្យ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានបង្ហាញថា តម្លៃលំនៅឋាន
នៅកម្ពុជាពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ។ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានកើនឡើង ៦.៩% (ឆ្នាំលើឆ្នាំ) ស្របពេលដែលតម្លៃលំនៅឋាននៅតាមបណ្តាខេត្តផ្សេងៗកើនឡើង ៥.៣%។
អ្វីដែលគួរឲ្យកត់សំគាល់នោះថា វិស័យសំណង់មានការកើនឡើងតិចតួច ចំណែកតម្លៃលំនៅឋាន
នៅកម្ពុជាពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ ចំពោះសកម្មភាពលក់លំនៅឋាន ជាប្រភេទផ្ទះល្វែង, វីឡាភ្លោះ និងទោល ថយចុះប្រមាណ -៦៤.៧ភាគរយ ក៏ប៉ុន្ដែចំនួននៃការលក់ខុនដូវិញមានការកំណើនវិជ្ជមានឡើងវិញក្នុងអត្រា ១២.៩%។
លោក ច្រឹក សុនីម អ្នកជំនាញអចលនទ្រព្យកម្ពុជា លើកឡើងថា ការកើនឡើងនៃការលក់ខុនដូ ដោយសារតែមានសន្ទុះប្រើប្រាស់ពីអតិថិជនក្នុងស្រុក មានន័យថា ពីមុនខុនដូត្រូវបានពឹងផ្អែកទាំងស្រុង លើអតិថិជនក្រៅស្រុក ប៉ុន្ដែពេលនេះមានទាំងអតិថិជនក្នុងស្រុក ជាហេតុធ្វើឲ្យការលក់មានការកើនឡើង។
លោកបានបន្ថែមថា កត្តាមួយអ្វីទៀត គឺធនាគារបានរឹតបន្ដឹងខ្លាំងលើកម្ចីទិញផ្ទះ ប៉ុន្ដែចំពោះការទិញខុនដូភាគច្រើន ទទួលបានឥណទានពីបុត្រសម្ព័ន្ធ ឬធនាគារនៃម្ចាស់គម្រោងតែម្ដង។ និយាយចំពោះតម្លៃខុនដូ មិនមានការធ្លាក់ចុះ ឬកើនឡើងឡើយ មានតែការ Promotion មួយចំនួនប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា «អ្វីដែលជំរុញខ្លាំង ធ្វើឲ្យការលក់ខុដូកើនឡើង ដោយសារតែមានការគាំទ្រពីអតិថិជនក្នុងស្រុក ដែលជាផ្នែកធំក្នុងការជំរុញលើការលក់ខុនដូ។ បច្ចុប្បន្នប្រជាពលរដ្ឋទទួលបានការយល់ដឹងច្រើន ពីតម្រូវការ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ខុនដូ»៕