(ភ្នំពេញ)៖ ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុននានាចំនួន ២៣រូប​ទៀត ​បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ដើម្បីស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ជាពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា​ ​បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា។

ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុន​របស់សិង្ហបុរីទាំងនេះ បានចូលជួបពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣​ ដើម្បីជម្រាបជូនពីបេសកកម្មបំពេញការងារ ពិសេស ការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់អំពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់​កម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្តេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជាទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញទៅបោះឆ្នោតខ្ពស់រហូតដល់ ៨៤.៥៨% លើសពីការបោះឆ្នោត ៤ ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។ ហើយក្នុងនោះ តាមលទ្ធផលជាបណ្តោះអាសន្ន ចំនួនអ្នកបោះឆ្នោតជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

អគ្គបណ្ឌិតសភាចារ្យបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួមក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ។

​សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥​.៦% នៅឆ្នាំ ២០២៣ និងកំណើន ៦.៦% នៅឆ្នាំ ២០២៤​ ខណៈអតិផរណានឹងមានត្រឹម ២.៥% នៅឆ្នាំ ២០២៣ និងឆ្នាំ២០២៤​ និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព ។ ដោយឡែក​ វិស័យកសិកម្ម​ វិស័យទេសចរណ៍ និងវិស័យមិនមែន កាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន។

ទោះយ៉ាងណា​អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនប្រតិភូអំពីសមិទ្ធផល និងបរិវត្តកម្មរយៈពេល២៥ឆ្នាំកន្លងមក កម្ពុជានៅប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនក៏ដោយ ដូចជា ឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, ការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿន, ការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកាចសាហាវជាសកល ជាដើម ។

​អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ពាក់ព័ន្ធនឹងរបៀបវារៈគោលនយោបាយ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និងសមត្ថ​ភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។

ក្នុងស្មារតីនេះ​ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និង ការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ។

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរដល់ប្រតិភូធុរកិច្ចសិង្ហបុរី ទទួលបានជោគជ័យក្នុងបេសកកម្មបំពេញការងារ ពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា​៕