(សិង្ហបុរី)៖ ក្រុមហ៊ុននាំចេញអង្ករក្នុងប្រទេសថៃ និងវៀតណាមកំពុងចរចាតម្លៃកិច្ចសន្យាលក់ឡើងវិញដែលមានទំហំប្រហែលកន្លះលានតោនសម្រាប់ការនាំចេញក្នុងខែសីហា ដោយសារការហាមឃាត់នាំចេញរបស់ឥណ្ឌាបានរឹតបន្តឹងការផ្គត់ផ្គង់ទូទាំងពិភពលោក។ នេះបើយោងតាមប្រភពពីវិស័យជួញដូរអង្ករប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុននាំចេញអង្ករកំពុងប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ពីកសិករដែលបានដំឡើងតម្លៃបន្ទាប់ពីមានការកើនឡើងតម្លៃនៅក្នុងទីផ្សារពិភពលោក ដែលធ្វើឱ្យកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារស្ថិតក្នុងហានិភ័យ។
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោកកាលពីចុងខែមុនបានហាមឃាត់ការនាំចេញអង្ករសមិនមែនអង្ករពូជបាស្មាទី (Basmati) ក្នុងគ្រាដែលមានភាពមិនច្បាស់លាស់លើផលិតកម្មក្នុងស្រុក ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់អាហារក្នុងចំណោមប្រទេសនាំចូលអង្ករធំៗនៅទ្វីបអាស៊ីនិងអាហ្វ្រិក។
ពាណិជ្ជករដែលមានមូលដ្ឋាននៅសិង្ហបុរីម្នាក់ដែលបានដឹងពីការពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្លៃបានកើនឡើងចាប់តាំងពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញ ហើយវាពិបាកសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការបំពេញតាមកិច្ចសន្យាដែលបានចុះហត្ថលេខាក្នុងតម្លៃទាប»។
ប្រទេសថៃនិងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំទីពីរ និងទីបីក្នុងពិភពលោក ត្រូវបានរំពឹងថានឹងនាំចេញអង្ករច្រើនជាងមួយលានតោននៅក្នុងខែសីហា។ ឥណ្ឌាគឺជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោកដែលមានចំនួនប្រហែល ៤០% នៃការផ្គត់ផ្គង់ពិភពលោក។
ប្រភេទាំងពីរនេះបានឱ្យដឹងថា តម្លៃអង្ករសកលសម្រាប់ពូជអង្ករសំខាន់ៗដែលត្រូវបាននាំចេញទៅកាន់ទូទាំងពិភពលោកបានកើនឡើងប្រហែល ៨០ដុល្លារក្នុងមួយតោនចាប់តាំងពីប្រទេសឥណ្ឌាបានដាក់បម្រាមកាលពីថ្ងៃទី២០ ខែកក្កដា។
តម្លៃអង្ករប្រភេទបាក់ ៥% របស់ថៃ ដែលជាតម្លៃគោលរបស់អាស៊ីបានកើនឡើងដល់ ៦២៥ដុល្លារក្នុងមួយតោន ធៀបនឹង ៥៤៥ដុល្លារកាលពីពីរសប្តាហ៍មុន ខណៈដែលប្រភេទអង្ករស្រដៀងគ្នាពីប្រទេសវៀតណាមបានកើនឡើងដល់ ៥៩០ដុល្លារកើនឡើងពីចន្លោះពី ៥១៥ ទៅ ៥២៥ដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕