(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជិត ៨៥ភាគរយនៅថ្ងៃអង្គារ ខណៈពេលដែលវិនិយោគិនលក់ចេញដើម្បីប្រាក់ចំណេញនៅខែកក្កដាក្នុងពេលដែលមានការរំពឹងថានឹងមានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសកល និងការកើនឡើងតម្រូវការប្រេងនៅឆមាសទីពីរឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតសម្រាប់ចែកចាយនៅខែតុលាត្រូវបានជួញដូរក្នុងតម្លៃ ៨៤,៨៦ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ ពោលគឺធ្លាក់ចុះ ៥៧សេន។

ប្រេងឆៅ West Texas Intermediate របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៨១,២១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥៩សេនពីតម្លៃដែលទិញលក់នៅវគ្គជួញដូរមុន ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៤ ខែមេសា។

លោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets បានថ្លែងថា៖ «តម្លៃប្រេងអាចប្រឈមនឹងហានិភ័យធ្លាក់ចុះថ្លៃ ដោយសារទីផ្សារអាចត្រូវបានទិញច្រើនជ្រុលកាលពីខែមុន»។

លោក Tamas Varga អ្នកវិភាគមកពីក្រុមហ៊ុន PVM ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អស់រយៈពេលជាច្រើនខែមកនេះ មានការព្យាករថា តម្រូវការប្រេងសកលនឹងកើនឡើងនៅក្នុងឆមាសទីពីរឆ្នាំ២០២៣ ធៀបនឹងឆមាសទីមួយ ស្របពេលដែលមានការកាត់បន្ថយការផ្គត់ផ្គង់ដើម្បីកាត់បន្ថយស្តុកប្រេងសកល៕