(ភ្នំពេញ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ជំរុញឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ទិញស្វាយចន្ទីដោយផ្ទាល់ពីកសិករ ឬសហគមន៍ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ដើម្បីឱ្យកសិករទទួលបានតម្លៃបន្ថែម។
លោក អាន តារា ជំរុញបែបនេះដោយសារតែបច្ចុប្បន្ននេះ ប្រហែល ៨៥% ទៅ ៩០% ការលក់ស្វាយចន្ទីទៅឱ្យអ្នកកែច្នៃនៅប្រទេសវៀតណាម ធ្វើឡើងតាមរយៈឈ្មួញកណ្តាល ខណៈដែលវៀតណាម គឺប្រទេសដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាច្រើនជាងរហូតជាង ៩៥% ហើយប្រទេសទាំងពីរ ក៏ជាប្រទេសជាប់របងគ្នា ដែលភាពងាយស្រួលដល់ការដឹកជញ្ជូន។
ការជំរុញរបស់លោក អាន តារា ធ្វើឡើងក្នុងឱកាសដែលលោកបានជួបប្រជុំជាមួយប្រធានសមាគមស្វាយចន្ទីវៀតណាម កាលពីថ្ងៃចុងសប្តាហ៍នេះ នៅទីស្នាក់សមាគមស្វាយចន្ទីកម្ពុជា ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
លោកបានលើកឡើងថា សហព័ន្ធស្វាយចន្ទីចង់ឱ្យក្រុមហ៊ុនធំៗ ដែលមានស្តង់ដារនៅប្រទេសវៀតណាម ទទួលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដោយសារបច្ចុប្បន្ននេះ ការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា នៅកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ ៥%ប៉ុណ្ណោះ ខណៈដែលកម្ពុជាស្ថិតក្នុងប្រទេស ដែលផលិតបានច្រើនជាងគេនៅលើពិភពលោក។ ហេតុនេះហើយកម្ពុជា ត្រូវការវៀតណាម ដើម្បីទិញគ្រាប់ស្វាយចន្ទីឆៅយកទៅកែច្នៃ។
លោកបន្ថែម ការទទួលទិញពីកសិករដោយផ្ទាល់ អាចធ្វើឡើងតាមរយៈការសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ហើយសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងខិតខំជួយដល់កសិករ ដើម្បីឱ្យការប្រមូលផល និងហាលគ្រាប់ស្វាយចន្ទី ឱ្យបានត្រឹមតាមស្តង់ដារ ។
លោកបន្តថា «សហព័ន្ធឃើញថា ការដែលកសិករមិនទាន់ចេះពីវិធីក្នុងការប្រមូលផលឱ្យបានត្រឹមត្រូវ បានធ្វើឱ្យគាត់បាត់បង់ផលប្រយោជន៍ច្រើន។ ធ្វើយ៉ាងណាឱ្យកសិករចេះទុកដាក់ឱ្យបានត្រឹមត្រូវ ទោះបីជាចន្ទីសើម ហើយបើគាត់ចង់លក់ចន្ទីស្ងួតគាត់ ត្រូវតែហាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងជ្រើសរើសគ្រាប់ស្អុយបែបម៉េចឱ្យមានស្តង់ដារ ដើម្បីលក់ចេញទៅទទួលបានតម្លៃបន្ថែម។នេះគឺជាអ្វីដែលសហព័ន្ធខំប្រឹងធ្វើការយ៉ាងណា ដើម្បីសហគមន៍នីមួយៗ ទទួលបានតម្លៃបន្ថែមពីទិន្នផលស្វាយចន្ទីរបស់គាត់ ជាពិសេសអ្នកដែលយកចិត្តទុកដាក់ទៅលើគុណភាពស្វាយចន្ទី»។
បើតាមលោក អាន តារា ក្នុងកិច្ចប្រជុំរវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម ក៏បានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធស្វាយចន្ទីជាមួយសមាគមស្វាយចន្ទីវៀតណាមផងដែរ ដោយសារតែកម្ពុជា គឺជាប្រទេសមួយដែលផលិតស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេនៅលើពិភពលោក ខណៈដែលវៀតណាម គឺជាប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាស្ទើរ៩៥% និងបានកែច្នៃ នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិច្រើនជាងគេនៅលើពិភពលោក។ ដូច្នេះហើយទើបកម្ពុជា ចង់សហការជាមួយវៀតណាម ឱ្យបានស្និតរមួតដើម្បីជំរុញឱ្យវិស័យស្វាយចន្ទី របស់ប្រទេសទាំងពីរកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ភាគីទាំងចង់ស្វែងរកការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណងឱ្យវៀតណាម ចែករំលែកបទពិសោធន៍ និងជួយជំរុញការកែច្នៃនៅកម្ពុជាឱ្យបានច្រើន ដោយសារប្រទេសវៀតណាម មានបទពិសោធលើការកែច្នៃផលិតផលស្វាយចន្ទីជិត ២០ឆ្នាំមកហើយ។
ស្របពេលកម្ពុជាត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លោកបានអញ្ជើញសមាគមស្វាយចន្ទីវៀតណាមមកចូលរួម និងចែករំលែកបទពិសោធនៃការរៀបចំវេទិកានេះ។ បន្ថែមពីនេះ ក៏ចង់ឱ្យក្រុមហ៊ុនកែច្នៃរបស់វៀតណាម មកតាំងបង្ហាញពីរបៀបនៃការកែច្នៃផលិតផលស្វាយចន្ទីរបស់វៀតណាម នៅក្នុងវេទិកានេះផងដែរ ដើម្បីជំរុញការកែច្នៃឱ្យអស់លទ្ធភាព ទាំងសាច់ និងសំបកស្វាយចន្ទីនៅកម្ពុជា។
លោកលើកឡើងទៀតថា «អ្វីដែលសហព័ន្ធស្វាយចន្ទីប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជួយការកែច្នៃវិស័យស្វាយចន្ទីរបស់ខ្មែរ ឱ្យស្របទៅតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដែលគម្រោងនៅឆ្នាំ២០២៧កែច្នៃបាន២៥% និងនៅឆ្នាំ២០៣២ កែច្នៃបាន៥០%»៕