(ភ្នំពេញ)៖ ករណីកើតមានទំនាស់ ជម្លោះ ការប្ដឹងផ្ដល់ តែងតែកើតឡើងពីប្រភពបញ្ហាជាច្រើន ប៉ុន្តែទោះយ៉ាងណារឿងទំនាស់ ឬការប្ដឹងផ្ដល់មានមួយផ្នែក បានកើតមកពីបញ្ហាបំណុល កម្ចី ដែលអ្នកខ្ចីមិនមានលទ្ធភាពសងត្រឡប់ទៅវិញ ឬមិនបានសងទាន់ពេល ហើយអ្នកឱ្យគេខ្ចីខ្វះខន្តី និងបញ្ញា ដែលនាំឱ្យកើតមានជម្លោះរហូតដល់ការប្តឹងផ្តល់ ជាប់ទោសទណ្ឌ។
ដើម្បីដោះស្រាយបញ្ហាវិវាទនេះ ទាំងម្ចាស់បំណុល ទាំងអ្នកជំពាក់បំណុល គួរគិតពីចំណុច ៥យ៉ាងសំខាន់ៗមុននឹងសម្រេចចិត្ត ធ្វើការប្ដឹងផ្ដល់គ្នា។
ជាមួយគ្នានេះ លោក អៀង សុធារ៉ា ដែលជាអាជីវករតាមបែបពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅកម្ពុជា បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីដោះស្រាយបញ្ហាជម្លោះដោយសារបំណុល ឬកម្ចី។
ចំណុចទាំងនោះ រួមមាន៖
១. ខន្តី៖ ចំពោះអ្នកមានលុយត្រូវតែមានខន្តីក្នុងការឱ្យខ្ចី ពោលគឺត្រូវតែគិតឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តឱ្យគេខ្ចី ហើយត្រូវធ្វើឡើងប្រកបដោយបញ្ញា។ ហើយអ្នកជំពាក់គេក៏ត្រូវតែមានខន្តីផងដែរ ដើម្បីកុំឱ្យមានបញ្ហា ឈានទៅបង្កើតជាជម្លោះ។
២. ការពារកុំឱ្យបាត់មិត្តភាព៖ មុននឹងសម្រេចឱ្យមិត្តភក្តិខ្ចី ឬទៅខ្ចីលុយពីមិត្តភក្តិ យើងគួរគិតថា តើការឱ្យខ្ចីនេះអាចបាត់មិត្តភាពដែរ ឬទេ។ ពេលខ្លះបើមិនចង់បាត់មិត្តភក្តិទេ គិតថាឱ្យដាច់តែទៅ ទោះតិច ឬច្រើនក៏ដោយ ឬម្យ៉ាងទៀត ប្រសិនឱ្យខ្ចីហើយ នៅពេលដែលគេគ្មានលទ្ធភាពសង ត្រូវរកដំណោះស្រាយសមស្របណាមួយ ដើម្បីកុំឱ្យកើតជាជម្លោះនាំឱ្យបាត់មិត្តភាព។
៣. ជៀសវាងការប្ដឹងផ្ដល់៖ បើសិនអាច កុំឱ្យបញ្ហាខ្ចីបំណុលទៅជារឿងក្តីក្តាំ ដែលឱ្យមានទោសទណ្ឌ។
៤. រាល់បញ្ហាទាំងអស់ ត្រូវដោះស្រាយដោយបញ្ញា៖ ជួនកាលបើគេខ្ចីហើយមិនសង យើងអាចដោះស្រាយដោយបញ្ញាបាន តាមរយៈការរំងាប់ចិត្ត លោភៈ មហៈ ទោសៈ ចិត្តខឹងក្រោធ សំងំ។ ហើយបើយើងដោះស្រាយមិនបាន ត្រូវរកអ្នកដែលមានបញ្ញាមកដោះស្រាយឱ្យយើង។
៥. កុំប្រមាទ កុំធ្វេសប្រហែស៖ ពេលសម្រេចចិត្តឱ្យគេខ្ចី កុំគិតថាមិនអី ព្រោះក្រោយវាអាចនឹងឈានដល់ការកើតមានទំនាស់ផ្សេងៗ។
ដើម្បីកាន់តែលម្អិត នូវដោះស្រាយបញ្ហាជម្លោះដោយបំណុលនេះ សូមស្តាប់ការពន្យល់បន្ថែមរបស់លោក អៀង សុធារ៉ាដូចតទៅ៖