(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញក្តីរំពឹងថា ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី នៅខែតុលាខាងមុខនេះ នឹងអាចស្រូបទាញភ្ញៀវទេសចរពីប្រទេសឆ្ងាយដែលមិនធ្លាប់ស្គាល់កម្ពុជា ឱ្យមកស្គាល់កម្ពុជា ពិសេសប្រាង្គប្រាសាទអង្គរវត្ត ដែលគ្មានពីរលើលោក។
លោស្រីបានបញ្ជាក់ថា តាមរយៈវិសាលភាពដ៏ធំរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តាមរយៈការទទួលការចុះចតប្រភេទយន្ដហោះធុនធំនោះនឹងទាញបាននូវភ្ញៀវទេសចរអន្ដរជាតិជាច្រើន មកពីបណ្ដាប្រទេសផ្សេងៗមកស្គាល់កម្ពុជា។
ការចូលរមករបស់ទេសចរអន្ដរជាតិនេះ ជាការនាំចូលនូវចំណូលមកចាក់ចូលសេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារ និងចំណូលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការចាប់ផ្តើមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរួមចំណែកនឹងទាក់ទាញភ្ញៀវទេសចរមកលេងតំបន់សៀមរាបអង្គរ ក៏ដូចជាចូលមកលេងប្រទេសកម្ពុជាទាំងមូល ព្រោះថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានវិសាលភាពធំអាចចុះចតប្រភេទយន្ដហោះធុនធំ ដូច្នេះនេះជាឱកាសក្នុងការទទួលបានការភ្ញៀវទេសចរ ហើយក៏ជាឱកាសថ្មីមួយទៀត ក្នុងការនាំយកអ្នកដំណើរថ្មីៗដទៃទៀតឲ្យស្គាល់ និងមកទស្សនាកម្ពុជា។
លោកស្រីបញ្ជាក់ថា «កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការទទួលបានការហោះហើរចូលកើនឡើង ដែលការហោះចូលមកកម្ពុជានេះ ជាការហោះចូលនាំយកនូវភ្ញៀវទេសចរជាច្រើន មកដំណើរកំសាន្ដ និងស្គាល់កម្ពុជា ព្រមទាំងនាំចំណូលចាក់ចូលសេដ្ឋកិច្ចជាតិ។ ក្រៅពីនោះក៏បានផ្ដល់ជាអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ តាមរយៈឱកាសការងារ ការលក់ដូរទំនិញទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងការដឹកជញ្ជូនមានការកើនឡើង ទាំងនេះជាការចាក់បញ្ចូលធនធានយ៉ាងច្រើន ដល់ជាតិ និងប្រជាពលរដ្ឋ»។
ក្នុងនាមជាភ្នាក់ងារប្រតិបត្តិករទេសចរណ៍ លោកស្រីនឹងរៀបចំនូវកញ្ចប់ទស្សនកិច្ចឲ្យត្រូវនឹងបរិបទទាំងតម្លៃ ទាំងខ្សែទស្សនកិច្ចជាច្រើនផ្សេងៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរចូលកម្ពុជាឲ្យកាន់តែល្អប្រសើរ ធ្វើឲ្យភ្ញៀវទេសចរចងចាំកម្ពុជា និងផ្សព្វផ្សាយបន្ដទៀត។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport) នឹងត្រូវគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕