(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីកំពុងកំណត់គោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៣០ របស់ពិភពលោកក្នុងរយៈពេលតិចជាង ១០ឆ្នាំ ដោយកើនឡើងពីចំណាត់ថ្នាក់ទី៣៧ ក្នុងឆ្នាំ២០២២ ផ្អែកលើទិន្នន័យរបស់ធនាគារពិភពលោក។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bernama របស់ម៉ាឡេស៊ីថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានគោលបំណងសម្រេចបាននូវគោលដៅនេះតាមរយៈការផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់ភាពភាគចម្រុះនៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចនឹងក្លាយជាការផ្តោតសំខាន់ ដើម្បីធ្វើឱ្យម៉ាឡេស៊ីក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចនៅអាស៊ី។
ក្នុងពិធីដាក់ដំណើរការគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរួបរួមដែលគេស្គាល់ថាជាគោលនយោបាយសេដ្ឋកិច្ច Madani៖ ការផ្តល់អំណាចដល់ប្រជាជន លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ប្រសិនបើយើងពេញចិត្តតែចំពោះចំណាត់ថ្នាក់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សេដ្ឋកិច្ចរបស់យើងនឹងបន្តកើនឡើងពី ៤ ទៅ ៥ ភាគរយ។ ប៉ុន្តែប្រសិនបើយើងខិតខំនិងអនុវត្តកំណែទម្រង់ យើងអាចសម្រេចបាន ៥,៥ ភាគរយ។ តាមពិតទៅ ខ្ញុំជឿថា វាមិនមែនថាមិនអាចទៅរួចនោះទេក្នុងការបង្កើតកំណើន ៦ភាគរយនោះ»។
គោលនយោបាយនេះគឺស្របតាមពាក្យស្លោក Malaysia MADANI របស់លោក អានវ៉ា អំពីការកែទម្រង់ប្រទេសម៉ាឡេស៊ីឱ្យទៅជាប្រទេសដែលជឿជាក់លើមនុស្សជាតិ និងតម្លៃល្អ ដូចជាអភិបាលកិច្ចប្រកបស្មើភាព យុត្តិធម៌ និងប្រសិទ្ធភាព។
លោក អានវ៉ា ដែលក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានកត់សម្គាល់ថា ដើម្បីសម្រេចបានគោលដៅនេះ ម៉ាឡេស៊ីត្រូវតែអភិវឌ្ឍសមាហរណកម្មសេដ្ឋកិច្ចកាន់តែធំជាមួយប្រទេសជិតខាង ជាពិសេសជាមួយនឹងពិភពលោកដែលកំពុងប្រឈមនឹងការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់។
លោកនាយករដ្ឋមន្ត្រីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bernama ខណៈថ្លែងថា៖ «ហេតុដូច្នេះហើយ យើងត្រូវបង្កើតក្រុមហ៊ុនក្នុងស្រុកដែលមានការប្រកួតប្រជែងខ្ពស់បន្ថែមទៀត ដើម្បីជ្រៀតចូលទីផ្សារអាស៊ាន»។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលត្រូវតែលើសពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕