(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារអាមេរិក កើនឡើងជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម នៅមានចំនួនទាប និងមានភាពយឺតយ៉ាវនៅឡើយ ពោល គឺការប្រមូលចំណូលរយៈពេល ៦ខែដើមឆ្នាំនេះ បានតែ២៩.៦% នៃច្បាប់ថវិកាជាតិតែប៉ុណ្ណោះ ដោយច្បាប់នេះ បានកំណត់ឱ្យវិស័យល្បែងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលឱ្យបានជាង ៤២លានដុល្លារ នៅឆ្នាំនេះ។
លោកសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនឹងកើនឡើង ក្រោយការហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ។
លោកបានឱ្យដឹងថា វិស័យល្បែងពាណិជ្ជកម្ម បានបាត់បង់ចំណូលស្ទើរតែទាំងស្រុង នៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ និងបានចាប់ផ្តើមងើបឡើងវិញបន្តិចៗម្តង ដែលលោកព្យាករណ៍ថា វិស័យនេះនឹងមានសន្ទុះល្អឡើងវិញ នៅក្រោយឆ្នាំ២០២៤ បន្ទាប់ពីកម្ពុជាបានអនុវត្តច្បាប់ ស្តីពីការគ្រងគ្រប់វិស័យល្បែងពាណិជ្ជកម្មបានរឹងមាំ ដែលនឹងធ្វើឱ្យការបង់ចំណូលកើនឡើង។
លោក រស់ ភីរុណ បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណដល់ ក្រុមហ៊ុនក្នុងវិស័យល្បែងពាណិជ្ជកម្មចំនួន ១៨១កាស៉ីណូ ក្នុងនោះអាជ្ញាបណ្ណបន្តសុពលភាពធ្វើអាជីវកម្ម ដែលបានបំពេញលក្ខខណ្ឌពេញលេញចំនួន ៨៧, ការបន្តសុពលភាពអាជ្ញាបណ្ណ ដែលមិនទាន់បានបំពេញលក្ខខណ្ឌពេញលេញ ឬអាជ្ញាបណ្ណបណ្តោះអាសន្នចំនួន ៩១ និងអាជ្ញាបណ្ណថ្មី ដែលផ្តល់ដល់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មថ្មី មានចំនួន៣។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យដំណើរការល្បែងតែពីរប្រភេទប៉ុណ្ណោះ រួមមានកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំមានការផ្តល់អាជ្ញាបណ្ណ ឬអនុញ្ញាតឱ្យដំណើរការនៅកម្ពុជានោះឡើយ៕