(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃត្រីចិញ្ចឹមក្នុងស្រុក កំពុងមានទីផ្សារល្អឡើងវិញ បន្ទាប់ពីបានថមថយ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺកូវីដ ១៩រាតត្បាត ប៉ុន្ដែទោះបីជាទីផ្សារក្នុងស្រុកកំពុងល្អយ៉ាងណាក្ដី សមាគមនៅតែព្រួយបារម្ភលើបញ្ហានៃកង្វះការផ្គត់ផ្គង់ត្រីលើទីផ្សារ ដោយសារតែអ្នកចិញ្ចឹមត្រីភាគច្រើន បានបោះបង់មុខរបរបស់ខ្លួនចោល ដូច្នេះធ្វើឲ្យអ្នកចិញ្ចឹមមានតិចតួចប៉ុណ្ណោះ។

លោក សុខ រ៉ាដែន បានថ្លែងឲ្យដឹងថា ត្រីប្រា ត្រីពោ និងត្រីមួយចំនួនទៀត ចាប់ផ្ដើមមានតម្លៃល្អលើទីផ្សារ ចំពោះត្រីប្រា បច្ចុប្បន្នមានតម្លៃចន្លោះ ៤៥០០-៤៧០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនមានតម្លៃត្រឹមតែ ៤២០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ទោះបីជាមានទីផ្សារល្អពិតមែន ប៉ុន្ដែការផ្គត់ផ្គង់អាចនឹងខ្វះខាត ដោយសារតែពីមុនអ្នកចិញ្ចឹមត្រីភាគច្រើនខាតបង់ខ្លាំង ដោយសារកត្តាជាច្រើន ធ្វើឲ្យអ្នកចិញ្ចឹមត្រីលែងបន្ដចិញ្ចឹម ហើយអ្នកចិញ្ចឹមខ្លះទៀតពុំមានដើមទុន ក្នុងការចាប់ផ្ដើមការចិញ្ចឹមឡើងវិញ។

លោកបានបន្ដថា «ត្រីមានទីផ្សារ មានតម្លៃល្អ ប៉ុន្ដែមិនមានត្រីលក់ ដោយសារតែមិនមានអ្នកចិញ្ចឹមត្រី ព្រោះពីមុនអ្នកចិញ្ចឹមត្រីភាគច្រើន ប្រឈមនឹងបញ្ហានៃការក្ស័យធន និងមិនមានដើមទុនបន្ដចិញ្ចឹមត្រីឡើងវិញ ដូច្នេះធ្វើឲ្យត្រីខ្សត់ តម្លៃឡើង ចំណែកឯត្រីដែលនាំចូលពីប្រទេសវៀតណាម ក៏មានតម្លៃថ្លៃ ធ្វើឲ្យការនាំចូលកាត់បន្ថយច្រើន»

លោកបានបញ្ជាក់ថា ដើម្បីរក្សានិរន្ដរភាពនៃការចិញ្ចឹមត្រីក្នុងស្រុក មានតែប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលបន្លែ ត្រីសាច់ក្នុងស្រុក ឲ្យមានទាំងស្ថិរភាពទាំងតម្លៃ និងបរិមាណ ព្រោះផលិតផលក្នុងស្រុក ជាផលិតផលត្រូវបានត្រួតពិនិត្យ ទទួលទានមិនប៉ះពាល់សុខភាព ក៏ដូចជាលើស្ទូយដល់វិស័យកសិកម្ម វារីវប្បករនៅកម្ពុជា។ ក្រៅពីនោះក៏ត្រូវមានវិធានការទប់ស្កាត់ ការនាំចូលខុសច្បាប់ផងដែរ៕