(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ស្តីពីការចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលនឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)»។
អាកាសចរស៊ីវិលបានឱ្យដឹងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។
អាកាសចរស៊ីវិលបានបញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣។
ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំ ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ជាមួយ អគ្គនាយកដ្ឋានគោលនយោបាយ និងបទប្បញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស នៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕