(ហ្ស៊េរុយសាឡិម)៖ វៀតណាមបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសអ៊ីស្រាអែល ដែលនឹងលុបចោលការយកពន្ធគយលើផលិតផលវៀតណាមយ៉ាងហោចណាស់ ៨៦ភាគរយ។
យោងតាកាសែត VN Express របស់វៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែលដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែល មានការពាក់ព័ន្ធនឹងពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ គយ និងច្បាប់។
ពន្ធគយនឹងត្រូវកាត់បន្ថយជាជំហានៗ។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធគយលើយ៉ាងហោចណាស់ ៨៦% នៃផលិតផលវៀតណាម និង ៩៣% នៃផលិតផលរបស់អ៊ីស្រាអែល។ ប្រទេសទាំងពីររំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ២,២ពាន់លានដុល្លារកាលពីឆ្នាំមុនដល់ ៣ពាន់លានដុល្លារក្នុងពេលខាងមុខនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជួយក្រុមហ៊ុនវៀតណាមនាំចេញទំនិញ និងទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារទំនិញនិងបច្ចេកវិជ្ជារបស់អ៊ីស្រាអ៊ែលក្នុងតម្លៃប្រកួតប្រជែងកាន់តែខ្លាំង។ ក្រុមហ៊ុនវៀតណាមក៏នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារផ្សេងទៀត ដូចជាមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង ឬអឺរ៉ុបខាងត្បូងផងដែរ។
ជាថ្នូរមកវិញ ក្រុមហ៊ុនរបស់អ៊ីស្រាអែលនឹងអាចទទួលបានសិទ្ធិចូលទៅកាន់តំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីគឺជាកិច្ចព្រមព្រៀងដំបូងគេដែលត្រូវបានចុះហត្ថលេខាដោយប្រទេសនៅតំបន់អាស៊ីខាងលិចជាមួយវៀតណាម។ បច្ចុប្បន្ន អ៊ីស្រាអែលជាទីផ្សារនាំចេញធំទី៣ និងជាដៃគូពាណិជ្ជកម្មធំទី៥ សម្រាប់វៀតណាមនៅតំបន់អាស៊ីខាងលិច។ នេះបើយោងតាមកាសែត VN Express៕