(ប៉េកាំង)៖ ការប្រើប្រាស់មាសរបស់ប្រទេសចិនបានកើនឡើងជាង ១៦ភាគរយនៅឆមាសទីមួយឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៥៥៤,៨៨តោន ខណៈដែលទិន្នផលបានកើនឡើង ២,២៤ភាគរយដល់ ១៧៨,៥៩៨តោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់សមាគមមាសចិនដែលបានចេញផ្សាយនៅថ្ងៃអង្គារថា ការប្រើប្រាស់គ្រឿងអលង្ការមាសនៅក្នុងប្រទេសចិនដែលជាប្រទេសប្រើប្រាស់មាសច្រើនជាងគេក្នុងពិភពលោកបានកើនឡើងជិត ១៥ភាគរយដល់ ៣៦៨,២៦តោននៅក្នុងឆមាសទីមួយ។

តួលេខប្រើប្រាស់នេះមិនរាប់បញ្ចូលមាសបម្រុងដែលបានទិញដោយធនាគារប្រជាជនចិនដែលជាធនាគារកណ្តាលចិនឡើយ។

សមាគមមាសចិនបានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា៖ «សេដ្ឋកិច្ចនិងសង្គមបានដំណើរការឡើងវិញយ៉ាងពេញលេញ សេដ្ឋកិច្ចជាតិបានស្ទុះងើបឡើងវិញ ហើយជាទូទៅការប្រើប្រាស់មាសរបស់ជាតិបានបង្ហាញនិន្នាការងើបឡើងវិញយ៉ាងឆាប់រហ័ស»

សមាគមនេះបានឱ្យដឹងនៅក្នុងការអត្ថាធិប្បាយមួយនៅក្នុងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ផលិតកម្មរបស់សហគ្រាសមាសបានវិលត្រឡប់មកធម្មតាវិញនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។ សមាគមបានបន្ថែមថា សហគ្រាសធំៗ កំពុងជំរុញយ៉ាងសកម្មឱ្យមានការច្របាច់បញ្ចូលគ្នានិងការទិញយកក្រុមហ៊ុន (M&A) ដែលនឹងផ្តោតបន្ថែមទៀតលើធនធានមាសដែលមានគុណភាពខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕