(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ខ្លួនពី ៣,៦ភាគរយដែលបានព្យាករកាលពីមុន មកត្រឹម ៣,៥ភាគរយ ខណៈវិស័យទេសចរណ៍រក្សាបាននូវភាពរឹងមាំ ប៉ុន្តែការធ្លាក់ចុះខ្លាំងនៃតម្រូវការសកលលោកប៉ះពាល់ដល់ការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Pornchai Thiraveja ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចថៃខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៨ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុនដែលថាធ្លាក់ចុះតែ ០,៥ភាគរយ។

លោកថ្លែងថា ក្រសួងព្យាករថានឹងកើតមានផលប៉ះពាល់តិចតួចពីការពន្យាពេលបញ្ចេញថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលចាប់ផ្តើមនៅខែតុលា ដោយសារប្រទេសថៃមិនទាន់បង្កើតរដ្ឋាភិបាលថ្មីបានបន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា។

លោក Pornchai បានបន្ថែមថា ប្រសិនបើថវិកា ៣,៣៥ពាន់ពាន់លានបាត (៩៧,៤៤ពាន់លានដុល្លារ) ត្រូវបានពន្យារពេលប្រាំមួយខែ វានឹងប៉ះពាល់ដល់កំណើន ផ.ស.ស ០,០៥ពិន្ទុភាគរយ និង ០,០៧ពិន្ទុភាគរយ ប្រសិនបើមានការពន្យារពេលប្រាំបួនខែ។

លោកមានប្រសាសន៍ថា៖ «ថវិកាបច្ចុប្បន្ននឹងត្រូវបានប្រើសម្រាប់ពេលនេះ... រដ្ឋាភិបាលមិនបានឈប់ដំណើរការទេ»។ លោកបានបន្ថែមថា វានឹងជួយសម្រាលផលប៉ះពាល់ដល់សេដ្ឋកិច្ច។

សេដ្ឋកិច្ចថៃបានកើនឡើងលើសពីការរំពឹងទុក ២,៧ភាគរយនៅក្នុងត្រីមាសទីមួយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនមាន ២,៦ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕