(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ២មកពីប្រទេសកូរ៉េ និងជប៉ុន បានចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងឥន្ធនៈ ពីសំបកស្វាយចន្ទីនៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុងចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ នាពេលថ្មីៗនេះ បានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលមិនប៉ះពាល់ដល់បរិស្ថាន និង កែច្នៃអស់លទ្ធភាពជៀសវាងការដុត ឬបោះចោល។ បច្ចេកវិទ្យានេះនឹងជួយជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា KIER បានស្រាវជ្រាវឃើញនូវបច្ចេកវិទ្យាថ្មី ក្នុងការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលធ្វើ ឱ្យពួកគេ មានបំណងចង់បង្កើតរោងចក្រចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផលិតប្រេងសម្រាប់ប្រើប្រាស់ជាមួយគ្រឿងយន្ត រួមមានយន្តហោះ ឬរថយន្តជាដើម។

អ្នកឧកញ៉ា បានឱ្យដឹងបន្តថា បំណងបង្កើតរោងចក្រចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីនេះ KIER អាចនឹងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ ព្រមទាំងប្រមូលទិញសំបកស្វាយចន្ទីបន្ថែម ពីរោងក្រកែច្នៃផ្សេងទៀត សម្រាប់ចម្រាញ់ធ្វើជាប្រេង។ បន្ថែមពីនេះ សម្រាប់កាកសំណល់ ឬធ្យូងដែលសល់ពីការចម្រាញ់នេះ នឹងច្នៃទៅជី។

លោកបញ្ជាក់បន្ថែមថា ប្រសិនបើរោងចក្រនេះបើកដំណើការនៅកម្ពុជា អាចត្រូវការបរិមាណសំបកស្វាយចន្ទីក្នុងចំនួនច្រើន ព្រោះរោងចក្រនេះអាចនឹងត្រូវការផលិត ២តោនក្នុងមួយម៉ោង ឬ២០តោនក្នុងមួយថ្ងៃ។ ប៉ុន្តែយ៉ាងនេះក្តី បច្ចេកវិទ្យាថ្មីនេះ ត្រូវការទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសទាំងពីរ។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលគាត់ចាប់អារម្មណ៍ប្រទេសកម្ពុជាយើង ដោយសារគាត់បានសិក្សាតាមរយៈកិច្ចព្រមព្រៀង ការចុះអនុស្សារណៈរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េ ដែលគាត់បានស្វែងយល់ពីប្រទេសកម្ពុជាយើង ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើង បានដាក់ចេញនូវគោលនយោបាយស្តីពីស្វាយចន្ទី ហើយក្នុងមួយឆ្នាំៗ កម្ពុជាផលិតបានរហូតដល់លើសពី១លានតោន សម្រាប់នាំចេញ ប៉ុន្តែការនាំចេញផលិតផលសម្រេចមិនបានដល់១០%ទេ ហើយនាំចេញវត្ថុធាតុដើមជាង៩០%។ នេះជាឱកាសសម្រាប់ក្រុមហ៊ុនកូរ៉េ សហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីកែច្នៃផលិតផលស្វាយចន្ទី ប្រមាណ២ ទៅ៣ប្រភេទនេះ»

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដានេះថា នេះជាដំណឹងមួយល្អ ដែលមានក្រុមហ៊ុនមកពីប្រទេសកូរ៉េចាប់អារម្មណ៍លើការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា ជាពិសេសការចម្រាញ់ប្រេងពីសំបកស្វាយចន្ទី។

លោកបានឱ្យដឹងផងដែរថា ក្រៅពីក្រុមហ៊ុនកូរ៉េនេះ ក្រុមហ៊ុនមកជប៉ុន គឺក្រុមហ៊ុន Mitsubishi Corperation បានក៏ចាប់អារម្មណ៍បង្កើតរោងចក្រផលិតប្រេងពីសំបកស្វាយចន្ទីផងដែរ។

លោកលើកឡើងថា ក្រុមហ៊ុន Mitsubishi Corperation បានរកឃើញថាសំបកស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានប្រេងច្រើន។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុននេះចង់ចម្រាញ់ទៅជាប្រេងជីវៈឥន្ទនៈដែលបំភាយឧស្ម័នកាបូនិកតិចទៅក្នុងបរិយាកាស ដោយក្រុមហ៊ុននេះត្រូវការសំបកស្វាយចន្ទី ប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំ។

លោកបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មិនទាន់មានសមត្ថភាពផលិត៥ពាន់តោនផ្គត់ផ្គង់ឱ្យក្រុមហ៊ុនរបស់ជប៉ុននេះបានទេ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពផលិតសំបកបានត្រឹមតែ៣ពាន់តោនប៉ុណ្ណោះ ដោយសារសហគ្រាសកែច្នែស្វាយចន្ទីនៅកម្ពុជាមានចំនួនតិច និងទំហំតូចនៅឡើយ។

លោកមានប្រសាសន៍បន្តថា ដើម្បីអាចផលិតសំបកស្វាយចន្ទីផ្គត់ផ្គត់ក្នុងចំនួនច្រើន លុះត្រាតែកម្ពុជាបង្កើតរោងចក្រកែច្នៃ និងជួយសហគ្រាសក្នុងស្រុកបង្កើនការកែច្នៃឱ្យបានច្រើន ដើម្បីសល់សំបកច្រើនសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងនោះ។ ហេតុនេះហើយទើបសមាគមស្វាយចន្ទីកម្ពុជាព្យាយាមក្នុងសហការជាមួយធនាគារ SME ដើម្បីទទួលទុនសម្រាប់សហគ្រាសពង្រីកផលិតកម្មរបស់ខ្លួនឱ្យបានកាន់តែធំជាងមុន។

លោកលើកឡើងបន្ថែមថា «ក្រុមហ៊ុន Mitsubishi Corperation គាត់បានសិក្សា ថាកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សំបកឱ្យគាត់។ អ៊ីចឹងប្រហែលជាថ្ងៃទី១០ ក្នុងខែតុលា ខាងមុខ យើងនឹងធ្វើអនុស្សារណៈយោគយល់មួយជាមួយក្រុមហ៊ុន Mitsubishi Corperation ដើម្បីយើងអាចផ្តល់ឱកាសក្នុងការស្រាវជ្រាវជីវៈឥន្ធនៈដែលចេញពីប្រេងនៃសំបកស្វាយចន្ទី។ ហើយពេលដែលយើងកៀបប្រេងហើយ សំបកហ្នឹងយើងអត់ចោលទេ Mitsubishi នឹងយកកម្ទេចហ្នឹងទៅធ្វើធ្យូងឧស្សាហកម្ម ព្រោះវាមានចំហេះខ្លាំង»។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បច្ចុប្បន្ននេះសំបកស្វាយចន្ទីនៅកម្ពុជាក្នុងមានតម្លៃខ្ពស់គួរសម គឺ១តោនតម្លៃ១២០ដុល្លារ។ លោកបន្ថែមថា នៅពេលកម្ពុជាអាចលក់បានទាំងសំបក និងសាច់ នោះនឹងជំរុញឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

ជាមួយគ្នានេះ លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយមកពីសិង្ហបុរី បាននិងកំពុងធ្វើការចរចាដើម្បីបង្កើតរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច ដែលសហគ្រាសក្នុងស្រុកអាចលក់ផលិតផលពាក់កណ្តាលសម្រេចទៅក្រុមហ៊ុននេះ ដើម្បីឱ្យក្រុមហ៊ុននេះផលិតជាផលិតផលសម្រេចហើយនាំចេញ ដោយសារក្រុមហ៊ុនជាក្រុមហ៊ុនមានស្តង់ដារ។ បន្ទាប់ពីក្រុមហ៊ុនរបស់សិង្ហបុរីមួយនេះ បង្កើតនៅកម្ពុជា នោះការផលិតសំបកស្វាយចន្ទី នឹងកើនឡើងផដែរ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនហិកតា។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក។

ដោយឡែកនៅរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ កម្ពុជាផលិតជាង៦១ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅទៅប្រទេសវៀតណាមចំនួនជាង៥៧ម៉ឺនតោន ទទួលបានទឹកប្រាក់ ៧៨៥លានដុល្លារអាមេរិក៕