(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះបារីនាំចូល។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដានេះ។

សេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម ឲ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់គ្រប់ម្ចាស់សហគ្រាស ដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប) ដូចខាងក្រោម៖

១៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែម តាមអត្រា ១០ (ដប់) ​ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងប្រទេសកម្ពុជា។ អាករលើតម្លៃបន្ថែម ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

២៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឲ្យបង់ អាករលើតម្លៃបន្ថែម តែម្ដងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។

៣៖ សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។ សេចក្តីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ៕