(ភ្នំពេញ)៖ អ្នកជំនួញ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងវិស័យកសិកម្មជាដើមលើកឡើងថា ក្រោយដំណើរការបោះឆ្នោតនៅកម្ពុជាបញ្ចប់ទៅដោយរលូន យុត្តិធម៌ តម្លាភាព ព្រមទាំងគ្មានអំពើហិង្សា នឹងទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិនបរទេស ដែលពួកគេបាន និងកំពុងតាមដាន ដើម្បីសម្រេចចិត្តមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
ឧកញ៉ា គឹម ហ៊ាង ប្រធាន KW Cambodia បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកក្កដានេះថា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តិទៅដោយល្អប្រសើរ និងស្ងប់ស្ងាត់ ដោយសារតែទាំងអ្នករៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋចូលរួមបោះឆ្នោតមានភាពចាស់ទុំ និងមានបទពិសោធន៍ ហើយការមានការចូលរួមទៅបោះឆ្នោតយ៉ាងច្រើន។
លោកបន្តថា នេះគឺជារឿងល្អមួយសម្រាប់កម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ។ លោកថា ដំណើរការបោះឆ្នោតនៅ ឆ្នាំ២០២៣នេះ បានធ្វើឱ្យបរទេសមានការចាប់អារម្មណ៍ និងតាមដានច្រើន ហើយថែមទាំងជំរុញឱ្យធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពីដំណើរការបោះឆ្នោតនេះ ដោយសារពួកគេបារម្ភពីស្ថិរភាពនយោបាយ។ ប៉ុន្តែនៅពេលតែវិនិយោគិនទាំងនោះ បានទទួលជ្រាបនូវដំណើរការបោះឆ្នោតនេះ មានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាពនយោបាយ និងសន្តិភាព នឹងជំរុញឱ្យពួកគេសម្រេច បន្តមកបណ្តាក់ទុករកស៊ីបន្តទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។
លើសពីនេះទៅទៀត ស្ថានភាពល្អក្រោយការបោះឆ្នោតនេះ ក៏នឹងជំរុញសកម្មភាព ការទិញលក់អចលនទ្រព្យ នៅក្នុងស្រុកកើនឡើងផងដែរ ដោយសារតែអ្នកដែលមានលទ្ធភាពទិញភាគច្រើន សុទ្ធតែរង់ចាំដំណើរការបោះឆ្នោតបញ្ចប់សិន ទើបពួកគេសម្រេចចិត្តទិញ។ ហេតុដូច្នេះ ចាប់ពីខែសីហាទៅ ការទិញលក់អចលទ្រព្យក្នុងស្រុកនឹងមានសន្ទុះកើនឡើងជាងមុន។
លោកបន្ថែម «គេសប្បាយចិត្តព្រោះថា ដូចអ្វីដែលគេចង់បាន គឺសន្តិភាព ព្រោះរឿងដីធ្លីទាល់តែមានសន្តិភាព បានដីធ្លីមានហាងឆេង។ អីចឹងការបោះឆ្នោត គឺលទ្ធផលដូចអ្វីដែលមនុស្សមួយប្រទេសរំពឹងទុក ហើយដូចអ្វីដែលបរទេសគេរំពឹងទុកថា ការបោះឆ្នោតនៅកម្ពុជា នឹងទទួលបានលទ្ធផលបែបនេះ គឺគេសប្បាយចិត្តគ្រប់គ្នា ហើយដៃគូខ្ញុំដែលរកស៊ីនៅស្រុកក្រៅគាត់សប្បាយចិត្ត ហើយថា បើបានអីចឹងគាត់នឹងឆាប់ត្រឡប់មកវិញ។ ហេតុនេះខ្ញុំមើលឃើញថា យ៉ាងមួយអាទិត្យ ឬ១០ថ្ងៃគាត់នឹងត្រឡប់មកវិញ»។
លោកលើកឡើងទៀតថា «ខ្ញុំឃើញថាបើគ្មានអ្វីប្រែប្រួល ការបង្កើតរាជរដ្ឋាភិបាលថ្មីនឹងធ្វើឡើងឆាប់នេះ ការបង្កើតរាជរដ្ឋាភិបាលថ្មីកាន់តែឆាប់ កាន់តែល្អ ព្រោះយើងរង់ចាំយូរមិនបានទៀតទេ ព្រោះយើងបានជួបវិបត្តិកូវីដ វិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដូច្នេះហើយនៅពេលដែលរដ្ឋាភិបាលថ្មី បង្កើតឡើងកាន់តែឆាប់ បរទេសនឹងវិលមកវិញកាន់តែច្រើន មិនមែនមកវិនិយោគលើវិស័យដីធ្លីទេ គឺទាំងរោងចក្រ ទេសចរណ៍ សណ្ឋាគារ ឧស្សាហកម្ម កសិកម្មផ្សេងៗ»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៣នេះ បានព្រឹត្តិទៅដោយរលូនគ្មានអំពើហិង្សា និងគ្មានបាតុភាពអសកម្មណាមួយនោះទេ ដែលសបញ្ជាក់ឱ្យឃើញថា ក្រោយការបោះឆ្នោត កម្ពុជានៅតែបន្តស្ថិរភាពនយោបាយ សន្តិភាព។ នេះហើយគឺជាចំណុចដែលអ្នកវិនិយោគចង់បាន។
លោកបន្តថា ការរក្សាស្ថិរភាពនយោបាយ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្ត មានចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះកម្ពុជា ដែលនឹងជំរុញឱ្យពួកគេមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជាបន្ថែម។
ចំណែកការរកស៊ីនៅក្នុងស្រុកវិញ លោកកត់សម្គាល់ថា ទាំងមុន និងក្រោយការបោះឆ្នោត ពាណិជ្ជករ អាជីវករទូទាំង ២៥រាជធានីខេត្ត ពុំមានការព្រួយបារម្ភនោះទេ ដោយសារពួកគាត់មានទំនុកចិត្តលើស្ថិរភាព សុវត្ថិភាព និងសន្តិសុខ ក្នុងការបោះឆ្នោត ខុសពីកាលអាណិត្តមុនៗ ប្រជាជនហាក់មានការភ័យខ្លាចច្រើន។ លោកសង្ឃឹមថា បន្ទាប់ពីការបោះឆ្នោតនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី នឹងកាន់តែយកចិត្តទុកដាក់លើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអាជីវករទូទៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោកមានប្រសាសន៍ទៀតថា «ខ្ញុំជឿថាក្រោយការបោះឆ្នោត ដែលប្រព្រឹត្តិទៅដោយដំណើរការ ទៅតាមលទ្ធិប្រជាធិបតេយ្យល្អប្រសើរ នឹងធ្វើឱ្យអ្នកវិនិយោគនៅបណ្តាប្រទេសផ្សេងៗ កាន់តែមើលឃើញកម្ពុជាកាន់តែច្បាស់ ដើម្បីមកវិនិយោគនៅកម្ពុជាយើង។ តាមរយៈយើងដាក់ឱ្យអនុវត្តច្បាប់វិនិយោគថ្មី ដែលមានការលើកទឹកចិត្តច្រើន ការអនុវត្តនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ជាមួយចិន កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាភាពអនុគ្រោះពន្ធរបស់ប្រទេសអង់គ្លេស EBA របស់សហគមន៍អឺរ៉ុប និង GSP ដែលផ្តល់ដោយអាមេរិក នឹងធ្វើឱ្យកំណើនវិនិយោគនៅប្រទេសយើងកាន់តែកើនឡើង ក្រោយការបោះឆ្នោត»។
លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលជាអ្នករកស៊ីក្នុងវិស័យកសិកម្មវិញយល់ថា ការបោះឆ្នោតនីតិកាលទី៧នេះ មានដំណើរការល្អប្រសើរជាអាណត្តិមុនៗ ខណៈប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតដោយភាពរីករាយ និងមានអ្នកចូលរួមច្រើនជាងអាណត្តិមុន រហូតដល់ជាង៨៤% ដែលបង្ហាញពីភាពយល់ដឹងរបស់ប្រជាជន ក្នុងការប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រទេសជាតិរីកចម្រើន។ ស្របពេលដែលអ្នកសង្កេតការអន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍ ក៏វាយតម្លៃពីភាពល្អប្រសើរនៃដំណើរការបោះឆ្នោតនេះផងដែរ។
លោកបន្ថែមថា មួយរយៈចុងក្រោយនេះ លោកបានជួបពិភាក្សាការងារជាមួយ អ្នករកស៊ីក្នុងវិស័យស្វាយចន្ទីច្រើន មកពីអាមេរិក អឺរ៉ុប និងប្រទេសចិនជាដើម ដែលពួកគេចាប់អារម្មណ៍សក្តានុពលវិស័យស្វាយចន្ទីនៅកម្ពុជា និងចាប់អារម្មណ៍ពីស្ថានភាពនយោបាយរបស់កម្ពុជា ក្នុងអំឡុងពេលដំណើរការរៀបចំការបោះឆ្នោត។
ទន្ទឹមនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសន្តិភាព ក្រោយការបោះឆ្នោតនេះ នឹងធ្វើឱ្យពួកគេ ចាប់អារម្មណ៍សម្រេចចិត្តរកស៊ីជាមួយកម្ពុជាទាំង ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងទៀត ជាពិសេសអ្នកដែលចង់ទិញស្វាយចន្ទីពីកម្ពុជា និងអ្នកវិនិយោគដែលចង់រកស៊ីជាមួយវិស័យស្វាយចន្ទី។
លោកលើកឡើងបន្ថែមថា «បន្ទាប់ពីការបោះឆ្នោតរៀបចំរដ្ឋាភិបាលថ្មីហើយ សហព័ន្ធស្វាយចន្ទី ក៏ដូចជាខ្ញុំជាតំណាងក្រុមហ៊ុនមួយផងដែរ នឹងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីសហការជាមួយស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឱ្យវិស័យស្វាយចន្ទីខ្មែរ មានការរីកចម្រើន ជាពិសេសជំរុញឱ្យការដាំដុះមានគុណភាព ស្របតាមកិត្តនាមដែលជាប់លេខ១ នៅលើពិភពលោក ហើយយើងកែច្នៃឱ្យបានច្រើន តាមដែលអាចធ្វើទៅបានជាពិសេសគោរព តាមគោលនយោបាយស្វាយចន្ទីជាតិ ហើយប្រឹងប្រែងធ្វើយ៉ាងណាឱ្យស្វាយចន្ទីខ្មែរមានទីផ្សារនៅលើពិភពលោក»។
គួរជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកសង្កេតកាណ៍ដោយផ្ទាល់បានវាយតម្លៃថា ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តទៅដោយរលូនយុត្តិធម៌ តម្លាភាព ប្រជាពលរដ្ឋចេរញទៅបោះឆ្នោតយ៉ាងច្រើនលើសលប់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ៕