(បាំបូលីម, ឥណ្ឌា)៖ ប្រទេសផលិតឥន្ធនៈហ្វូស៊ីលធំៗ រួមទាំងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កាលពីថ្ងៃសុក្របានប្រឆាំងសំណើរបង្កើនសមត្ថភាពថាមពលកកើតឡើងវិញរបស់ប្រទេស G20 ចំនួនបីដងនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមប្រភពចំនួនបីដែបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសចិនដែលជាអ្នកបញ្ចេញកាបូនឌីអុកស៊ីតធំជាងគេក្នុងពិភពលោក ក៏ដូចជាប្រទេសនាំចេញធ្យូងថ្មអាហ្វ្រិកខាងត្បូងនិងឥណ្ឌូនេស៊ីក៏បានប្រឆាំងនឹងផែនការនេះដែរ។ ប្រភពដដែលដែលក្នុងនោះប្រភពពីរនាក់បានចូលរួមកិច្ចប្រជុំ G20 បាននិយាយថា ប្រទេសឥណ្ឌាដែលជាប្រធាន G20 បច្ចុប្បន្នបានប្រកាន់ជំហរអព្យាក្រឹតលើករណីនេះ។
ប្រភពមួយទៀតបាននិយាយសង្ខេបអំពីកិច្ចពិភាក្សា។ ប្រភពទាំងអស់បានបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារកិច្ចពិភាក្សាគឺជាការសម្ងាត់។
ក្រសួងថាមពល និងក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗទៅនឹងអ៊ីមែលរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដើម្បីស្នើសុំអត្ថាធិប្បាយជាផ្លូវការនោះទេ។
ប្រទេសជាច្រើនក្នុងពិភពលោកកំពុងទទួលរងរលកកម្ដៅខ្ពស់បំផុតមិនធ្លាប់មាន ដែលអ្នកវិទ្យាសាស្ត្រនិយាយថាជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល។
ប្រភពចំនួនពីរដែលបានចូលរួមកិច្ចប្រជុំបានប្រាប់រ៉យទ័រថា គោលដៅបង្កើនថាមពលកកើតឡើងវិញត្រូវបានស្នើឡើងដោយក្រុមប្រទេស G7 នៅក្នុងកិច្ចប្រជុំគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី G20 នៅទីក្រុង Goa ប្រទេសឥណ្ឌា ដោយផ្អែកលើរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។
ប្រភពមួយក្នុងចំណោមប្រភពទាំងនោះបាននិយាយថា រុស្ស៊ីនិងអារ៉ាប៊ីសាអូឌីតបានបដិសេធមិនទទួលយកគោលដៅបង្កើនសមត្ថភាពមិនមែនហ្វូស៊ីល ឬថ្ងៃផុតកំណត់ក្នុងការបន្ថែមថាមពលកកើតឡើងវិញដោយហេតុផលថា ឧស្ម័នធម្មជាតិគឺជាផ្នែកសំខាន់នៃល្បាយថាមពលរបស់ពួកគេ។
ការពិភាក្សាស្តីពីការផលិតអ៊ីដ្រូសែន ដែលប្រទេសជាច្រើនសង្ឃឹមថានឹងបន្ធូរបន្ថយការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល ក៏មានភាពចម្រូងចម្រាសផងដែរ។ ប្រភពដដែលបាននិយាយថា សមាជិកមួយចំនួនបានស្វែងរកឱ្យមានការប្រើប្រាស់ឃ្លាថា «អ៊ីដ្រូសែនកាបូនទាប» ជំនួសឱ្យ «អ៊ីដ្រូសែនបៃតង»។
ខណៈពេលដែលអ៊ីដ្រូសែនបៃតងត្រូវបានផលិតដោយប្រើថាមពលកកើតឡើងវិញ «អ៊ីដ្រូសែនកាបូនទាប» អាចរាប់បញ្ចូលទាំងអ៊ីដ្រូសែនដែលផលិតដោយប្រើឧស្ម័ន ដែលមានកាបូនតិចជាងធ្យូងថ្ម។ នេះបើយោងតាមទភ្នាក់ងារព័ត៌មានរ៉យទ័រ៕