(ហាណូយ)៖ ប្រទេសវៀតណាមបានអនុម័តផែនការពង្រីកសមត្ថភាពស្តុកឥន្ធនៈជាតិរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគទឹកប្រាក់រហូតដល់ ២៧០ពាន់ពាន់លានដុង (១១,៤ ពាន់លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ផែនការដែលបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha កាលពីថ្ងៃអង្គារបានបង្ហាញថា ការវិនិយោគនេះនឹងបង្កើនសមត្ថភាពផ្ទុកប្រេងឆៅនិងប្រេងចម្រាញ់របស់ប្រទេសនេះរហូតដល់ ៧៥ ដល់ ៨០ថ្ងៃនៃការនាំចូលសុទ្ធ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមដែលបាននិយាយកាលពីខែមីនាថា សមត្ថភាពស្តុកប្រេងបច្ចុប្បន្នរបស់វៀតណាមមានរយៈពេលតែ ៦៥ថ្ងៃនៃការនាំចូលសុទ្ធប៉ុណ្ណោះ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ជួនកាលប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈដោយសារបញ្ហាផ្គត់ផ្គង់ពិភពលោក ឬដំណើរការមិនល្អនៅរោងចក្រចម្រាញ់ប្រេងក្នុងស្រុករបស់ខ្លួន។

ផែនការនេះបានបង្ហាញថា មូលនិធិភាគច្រើនសម្រាប់ផែនការនេះនឹងត្រូវបានប្រមូលពីក្រុមហ៊ុនអាជីវកម្ម និងពីថវិការដ្ឋ។

ស្ថិតក្រោមផែនការនេះ វៀតណាមក៏នឹងអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) និងទីតាំងផ្ទុកឧស្ម័ន LNG ដែលពាក់ព័ន្ធផងដែរ ដោយមានសមត្ថភាពផ្ទុកប្រចាំឆ្នាំចំនួន ២០លានតោននៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕