(ភ្នំពេញ)៖ ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៧ នឹងធ្វើឡើងនៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ, ស្របពេលការបោះឆ្នោតខិតចូលមកដល់សង្កេតឃើញថា ពុំមានប្រជាពលរដ្ឋសម្រុកទៅដកប្រាក់ពីធនាគារ ដូចកាលពីអំឡុងពេលបោះឆ្នោតកាលពី១០ឆ្នាំមុននោះឡើយ។

ចាប់តាំងពីយុទ្ធនាការឃោស​នា​បោះឆ្នោត​បានចាប់ផ្តើម កាលពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០២៣មក សកម្មភាព​អាជីវកម្ម និង​ការ​វិ​និ​យោគ​បាន​ដំណើរការ​ជាធម្មតា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបតិ្ដ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា និយាយចំពោះការប្រែប្រួលលើវិស័យធនាគារ ក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ ពុំមានការប្រែប្រួលអ្វីនោះឡើយ ចំពោះការដកប្រាក់របស់ប្រជាពលរដ្ឋ ក៏ពុំឃើញមានប្រជាពលរដ្ឋណាមួយ មកដកលុយចេញពីធនាគារឡើយ ពោលការបោះឆ្នោតឆ្នាំនេះ គឺខុសគ្នាខ្លាំងជាងការបោះឆ្នោតកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៣។ កាលពីឆ្នាំ២០១៨ កន្លងទៅត្បិតថាពុំមានប្រជាពលរដ្ឋដកប្រាក់ដូចឆ្នាំ ២០១៣ពិតមែន ប៉ុន្ដែស្ថិរភាពសាច់ប្រាក់បញ្ញើពុំមានការកើនឡើងនោះឡើយ។

លោកបន្ដថា កាលពីបោះឆ្នោតអាណ្តតិមុនៗ មានប្រជាពលរដ្ឋភ័យព្រួយច្រើន ជាក់ស្ដែងការបោះឆ្នោតក្នុងឆ្នាំ ២០១៣ ការដាក់ប្រាក់បញ្ញើធ្លាក់ចុះ ការបោះឆ្នោតឆ្នាំ២០១៨ ប្រាក់បញ្ញើមិនមានធ្លាក់ចុះ ក៏មិនមានកើនឡើង ពោលគឺរក្សាភាពនឹងធឹង។

បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា «ចំពោះការបោះឆោតឆ្នាំ២០២៣នេះ ពុំមានប្រជាពលរដ្ឋណាភ័យព្រួយមក ដកប្រាក់ចេញពីធនាគារឡើយ មិនតែប៉ុណ្ណោះកំណើននៃការដាក់ប្រាក់បញ្ញើសន្សំកើនឡើង ហើយកើនក្នុងកម្រិតមួយខ្លាំងថែមទៀតផង កំណើននៃប្រាក់បញ្ញើសន្សំជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ក្នុងការវាស់ពីភាពទុកចិត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងពេលបោះឆ្នោត​ជាតិ ដែលបង្ហាញឲ្យឃើញថា សាធារណជនជឿជាក់លើវិស័យធនាគារ»។

បណ្ឌិតបន្ដថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រាក់បញ្ញើសន្សំមានចំនួន ៦ ៧៤៧លានដុល្លារសហរដ្ឋអាមេរិក មានកំណើប្រមាណ ៨.៧៥ភាគរយ នេះជាតួលេខដែលបង្ហាញពីភាពរឹងមាំ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ លើវិសយធនាគារ។

បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់បន្ថែមថា «ការកើនឡើងនៃប្រាក់បញ្ញើក្នុងអំឡុងពេលបោះឆ្នោតនេះ ក៏ជាការបង្ហាញពីជំនឿជឿជាក់លើស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គកិច្ច ធ្វើឲ្យវិនិយោគិនក៏ដូចជាអតថិជន ជឿជាក់លើបរិយាកាសនយោបាយ ដែលមានស្ថិរភាពខ្លាំងនេះឯង ហើយក៏ផ្សារភ្ជាប់នឹងការប្រតិបត្តិរបស់ធនាគារ ព្រោះថា នៅពេលដែលមានការជឿជាក់លើធនាគារ ធ្វើឲ្យប្រាក់បញ្ញើសន្សំកើនឡើង ព្រោះមិនមានការព្រួយបារម្ភ ក្នុងការដកលុយយកទុកនៅផ្ទះ ដូចបោះឆ្នោតលើកមុនៗឡើយ បូករួមជាមួយនឹងវិស័យធនាគារ មានហេដ្ឋារចនាសម្ព័ន្ធ របស់ធនាគារមានចម្រុះ ដែលថាអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង»៕