(ប៉េកាំង)៖ ប្រទេសចិននៅសប្តាហ៍នេះបានសន្យាធ្វើឱ្យវិស័យឯកជន «កាន់តែធំ ប្រសើរ និងខ្លាំងជាងមុន» តាមរយៈវិធានការគោលនយោបាយជាបន្តបន្ទាប់ដែលបានរៀបចំឡើងដើម្បីជួយក្រុមហ៊ុនអាជីវកម្មឯកជន និងជំរុញការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កំណើនខ្សោយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានបង្កើតឱ្យមានភាពបន្ទាន់មួយក្នុងការធ្វើឱ្យវិស័យឯកជនរស់ឡើងវិញ ដែលជាកត្តាជំរុញកំណើនដ៏សំខាន់ដែលត្រូវបានបំផ្លាញដោយការវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ក្រាបផ្នែកបទប្បញ្ញត្តិទូលំទូលាយដែលផ្តោតលើវិស័យនានារាប់ចាប់ពីវិស័យបច្ចេកវិទ្យារហូតដល់វិស័យអចលនទ្រព្យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិនថា ប្រទេសចិននឹងខិតខំបង្កើតបរិយាកាសធុរកិច្ចលំដាប់ទីមួយដែលផ្តោតលើទីផ្សារ។

ស៊ីនហួរបានរាយការណ៍ថា៖ «វិស័យឯកជនគឺជាកម្លាំងថ្មីមួយដើម្បីលើកកម្ពស់ទំនើបកម្មតាមបែបចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជាកម្លាំងដ៏សំខាន់មួយក្នុងការលើកកម្ពស់ការកសាងដ៏ទូលំទូលាយរបស់ប្រទេសចិននូវអំណាចទំនើបបែបសង្គមនិយម»

វិធានការទាំងនេះរួមមានការការពារសិទ្ធិលើអចលនទ្រព្យរបស់ក្រុមហ៊ុននិងសហគ្រិនឯកជន និងវិធានការនានាដើម្បីធានាដល់ការប្រកួតប្រជែងទីផ្សារដោយស្មើភាពតាមរយៈការលុបបំបាត់របាំងចូលទីផ្សារ។

វិធានការទាំងនេះក៏នឹងបង្កើតប្រព័ន្ធមួយដើម្បីបញ្ជាក់ឱ្យច្បាស់នូវវិស័យដែលអ្នកវិនិយោគឯកជនអាចវិនិយោគ ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនមួយចំនួនឱ្យបោះផ្សាយមូលបត្របំណុលនវានុវត្តន៍បច្ចេកវិទ្យាផងដែរ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានឱ្យដឹងទៀតថា គោលការណ៍ណែនាំទាំងនេះនឹងរួមមានទាំងការគាំទ្រសម្រាប់អាជីវកម្មដែលមានសិទ្ធិក្នុងការចុះបញ្ជីក្នុងផ្សារហ៊ុន និងការផ្តល់ហិរញ្ញវត្ថុឡើងវិញ៕