(ប៉េកាំង)៖ ទិន្នន័យគយចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការនាំចូលរ៉ែកម្ររបស់ប្រទេសចិនពីមីយ៉ាន់ម៉ាដែលប្រទេសផ្គត់ផ្គង់លេខ២ បានកើនឡើងនៅឆ្នាំនេះ ខណៈដែលប្រទេសកែច្នៃរ៉ែធំបំផុតរបស់ពិភពលោកនេះបង្កើនការផលិតសម្រាប់វិស័យរថយន្ត និងថាមពលខ្យល់ដែលកំពុងស្ទុះងើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសចិនបាននាំចូលរ៉ែ និងសារធាតុរ៉ែកម្រចំនួន ៣៤ ២៤១តោនពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងរយៈពេល ៦ខែដំបូង ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងឆមាសទីពីរឆ្នាំ២០២២ និងកើនឡើង ៩ដងធៀបនឹងឆមាសទីមួយឆ្នាំ២០២២។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន Adamas Intelligence ដែលមានមូលដ្ឋាននៅប្រទេសកាណាដាថា មីយ៉ាន់ម៉ាបានក្លាយជាអ្នកផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានចំនួនប្រហែល ៤០ភាគរយនៃការផ្គត់ផ្គង់រ៉ែរបស់ខ្លួន រួមមានទាំង dysprosium, yttrium និង terbium។
ពាណិជ្ជកម្មត្រូវបានរារាំងដោយវិធានការរឹតបន្តឹងដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិននៅតាមព្រំដែនរបស់ខ្លួន ប៉ុន្តែការនាំចេញប្រចាំខែបានកើនឡើងក្នុងខែធ្នូ ឆ្នាំ២០២២ នៅពេលដែលប្រទេសចិនបានបោះបង់ចោលវិធានការកូវីដភាគច្រើន ហើយពាណិជ្ជកម្មនៅតែមានកម្រិតខ្ពស់ពេញមួយឆ្នាំនេះ៕