(សិង្ហបុរី)៖ ក្រុមហ៊ុន Grab នឹងទិញយកក្រុមហ៊ុន Trans-cab ដែលជាប្រតិបត្តិករតាក់ស៊ីធំទីបីរបស់សិង្ហបុរី ដែលយានយន្តជាង ២ ៥០០គ្រឿង។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ភាគហ៊ុន ១០០ភាគរយនៅក្នុងក្រុមហ៊ុន Trans-cab នឹងត្រូវបានទិញយកតាមរយៈក្រុមហ៊ុន Grab Rentals។
ក្រុមហ៊ុនទាំងពីរបានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយរួមគ្នានេះថា៖ «ការទិញនេះរួមមានការទិញយកប្រតិបត្តិការរថយន្តតាក់ស៊ី Trans-cab និងអាជីវកម្មជួលរថយន្ត ទីតាំងថែទាំ និងប្រតិបត្តិការស្ថានីយចាក់ប្រេង»។
កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបិទបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ២០២៣ ត្រូវទទួលបានការអនុម័តផ្នែកបទប្បញ្ញត្តិ និងលក្ខខណ្ឌច្បាប់ផ្សេងៗទៀត។
លោកស្រី Jasmine Tan អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Trans-cab បាននិយាយថា ឥរិយាបថរបស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរ ហើយក្រុមហ៊ុនទទួលស្គាល់ពីតម្រូវការក្នុងការធ្វើអាជីវកម្មឌីជីថល។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុនកំពុងបង្កើតកិច្ចព្រមព្រៀងនេះជាមួយនឹង «ការធានាពេញលេញថា ក្រុមហ៊ុន Grab នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារជីវភាពរបស់អ្នកបើករថយន្តតាក់ស៊ីរបស់យើង»។
ក្រុមហ៊ុន Grab បានឱ្យដឹងថា ខ្លួនគ្រោងនឹងដាក់ឱ្យដំណើរការនូវកម្មវិធីដែលត្រូវបានកែលម្អថ្មីមួយ ដែលនឹងធ្វើសមាហរណកម្មជាមួយឧបករណ៍បង្ហាញចល័តនៅក្នុងរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុន Trans-cab។ នេះបើយោងតាមកាសែត Channel News Asia៕