(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានកាត់បន្ថយការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ប៉ុន្តែរំពឹងថា អតិផរណានឹងកើនឡើងលើសពីគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលនៅក្នុងការព្យាករថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការប៉ាន់ប្រមាណនេះកើតឡើងមុនពេលកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុននៅសប្តាហ៍ក្រោយដែលត្រូវបានគេឃ្លាំមើលយ៉ាងដិតដល់ ពោលគឺជាពេលដែលក្រុមប្រឹក្សានឹងបង្កើតការព្យាករប្រចាំត្រីមាសថ្មីរបស់ខ្លួន និងពិភាក្សាអំពីថាតើសេដ្ឋកិច្ចកំពុងមានវឌ្ឍនភាពប៉ុណ្ណាក្នុងការសម្រេចបានគោលដៅអតិផរណា ២ភាគរយប្រកបដោយនិរន្តរភាពរបស់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្លែងថា «សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម» ជាមួយនឹងសញ្ញាវិជ្ជមានដែលលេចឡើង ដូចជាការដំឡើងប្រាក់ឈ្នួលថេរ និងចំណង់ចំណាយខ្លាំងរបស់សាជីវកម្មជាដើម។
លោកនាយករដ្ឋមន្ត្រីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការធានាថា ប្រទេសជប៉ុនធ្វើឱ្យមានវឌ្ឍនភាពជាលំដាប់ក្នុងការចាកចេញពីបរិត្តផរណា ហើយផ្លាស់ប្តូរទៅកាន់សង្គមដែលការដំឡើងប្រាក់ឈ្នួលក្លាយជាបទដ្ឋានមួយ»។
នៅក្នុងការពិនិត្យមើលឡើងវិញពាក់កណ្តាលឆ្នាំនូវការព្យាកររបស់ខ្លួន រដ្ឋាភិបាលជប៉ុនរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង ១,៣ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅត្រឹមខែមីនា ឆ្នាំ២០២៤ ធ្លាក់ចុះពី ១,៥ភាគរយដែលបានព្យាករក្នុងខែមករា ដោយសារការធ្លាក់ចុះការនាំចេញបង្កឡើងពីការធ្លាក់ចុះតម្រូវការពិភពលោក។
ប៉ុន្តែរដ្ឋាភិបាលក៏រំពឹងផងដែរថានឹងមានការប្រើប្រាស់ដ៏រឹងមាំ និងមានការចំណាយមូលធនដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ១,២ភាគរយនៅក្នុងសារពើពន្ធ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕