(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា៤.៨% នៅឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលបន្តគាំទ្រដល់ការងើបឡើងវិញ ក្នុងតំបន់។ ​នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ នេះបើយោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះ។

អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ ត្រូវបានព្យាករថានឹងមាន៣.៦% នៅឆ្នាំនេះ ធៀបនឹងការព្យាករ៤.២% កាលពីខែមេសា។ ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ២០២៤ គឺកើនឡើងដល់ ៣.៤% ពីការប៉ាន់ស្មាន៣.៣% កាលពីលើកមុន។

ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ច របស់ PRC ត្រូវបានព្យាករថានឹងកើនឡើង ៥.០% នៅឆ្នាំនេះ ដូចការព្យាករកាលខែមេសា ខណៈមានតម្រូវការ ក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍ ធ្លាក់ចុះដោយសារ ការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពល លើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗ ដែលមានសេដ្ឋកិច្ចជឿនលឿន។ ការព្យាករកំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយ ត្រូវបានកែសម្រួលតិចតួចមកត្រឹម៤.៧% ពីការប៉ាន់ប្រមាណ៤.៨% កាលពីខែមេសា៕