(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ទំហំបរធនបាលកិច្ចនៅកម្ពុជា ដែលបានចុះបញ្ជីកើនឡើងដល់ ១ ១៣៣លានដុល្លារ កើនឡើងជាង៣៥០០% ដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។
លោក សុខ ដារ៉ា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី «ជំនួបបរធនបាលកិច្ច៖ ប្រព័ន្ធសហថាមភាពសម្រាប់ទីផ្សារបរធនបាលកិច្ច នៅកម្ពុជា» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
លោកលើកឡើងថា អ្វីដែលជំរុញឱ្យវិស័យបរធនបាលកិច្ច នៅកម្ពុជាមានការរីកចម្រើនបែបនេះ ដោយសារវិស័យនេះ មានប្រតិបត្តិការពេញលេញ មានច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រង អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា រាប់ចាប់ពីពេលបង្កើត ចុះបញ្ជី ធ្វើប្រតិបត្តិការ រហូតដល់បញ្ចប់បរធនបាលកិច្ចទៅវិញ។
លោកបានញ្ជាក់ថា កាលពីមុនឆ្នាំ២០២១ ចំនួនបរធនបាលកិច្ច ដែលបានចុះបញ្ជីស្របច្បាប់ មានត្រឹមតែ ១៧ករណី ក្នុងទំហំបរធន ១៥៦លានដុល្លារប៉ុណ្ណោះ ដែលភាគច្រើនបំផុត គឺតំណាងដោយបរធនបាលកិច្ចហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានឥតសំណង ឬបំណុល ដែលដៃគូអភិវឌ្ឍន៍ប្រគល់ជូនរាជរដ្ឋាភិបាល ឱ្យចាត់ចែង និងគ្រប់គ្រងដោយក្រុមការងារប្រតិបត្តិនៅក្នុងគ្រឹះស្ថាន និងធនាគារហិរញ្ញវត្ថុ ប៉ុន្តែនាពេលបច្ចុប្បន្ន បរធនបាលកិច្ចបានចុះបញ្ជីរហូតដល់ ៥៦៤ករណី កើនឡើងជាង ៣៥០០% ក្នុងទំហំបរធនបាលកើនឡើងដល់ ១១៣៣លានដុល្លារអាមេរិក ដែលជាកំណើនមួយឆាប់បំផុត ក្នុងរយៈពេលខ្លី។
លោកបន្ថែមថា «ទំហំបរធននេះ មិនមែនប៉ុណ្ណឹងទេនឹងបន្តកើនឡើងបន្ថែមទៀត ហើយខាងមន្រ្តីទទួលបន្ទុករបស់និយ័ករបរធនបាលកិច្ច ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពទិន្នន័យនេះជាប្រចាំ ស្ទើរតែរៀងរាល់ថ្ងៃ ព្រោះការចុះបញ្ជីបរធនបាលកិច្ច គឺយើងទទួលបានជារៀងរាល់ថ្ងៃផងដែរ។ ទាំងនេះ គឺជាសមិទ្ធផលដែលបង្កើតឡើងក្នុងរយៈពេល២ឆ្នាំ។ តាមរយៈពេលនេះ យើងអាចមើលឃើញបានថា ទីផ្សារបរធនបាលកិច្ចនៅកម្ពុជា យើងមានប្រតិបត្តិការពេញលេញ មានតួអង្គពាក់ព័ន្ធពេញលេញ យើងអាចមានតួអង្គបន្ថែម ពាក់ព័ន្ធនឹងក្រុមហ៊ុនសវនករដែលផ្តល់សេវាសវនកម្ម ដែលស្ថិតក្នុងនិតិវិធីផ្តល់បទបញ្ញត្តិ ក៏ដូចជាពិភាក្សាបន្ថែមជាមួយនឹងដៃគូពាក់ព័ន្ធ ដើម្បីដាក់ឱ្យអនុវត្តផងដែរ អ៊ីចឹងតួអង្គថ្មីមានជាបន្តបន្ទាប់ក្នុងការស្វែងរកបរធនបាលកិច្ច»។
លោកលើកឡើងថា ស្របពេលទំហំបរធនបាលកិច្ចនៅកម្ពុជាកើនឡើង ចំនួនក្រុមហ៊ុនបរធនបាលកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករបរធនបាលកិច្ច ធ្វើប្រតិបត្តិការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិ របស់ធុរកិច្ច វិនិយោគ ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបរធនបាលកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករបរធនបាលកិច្ចមានចំនួន៨ និងធនាគារដែលទទួលបានអាជ្ញាប័ណ្ណមានចំនួន៩ ខណៈមានក្រុមហ៊ុន និងធនាគារមួយចំនួនទៀត កំពុងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រតិបត្តិការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិជំនួសផងដែរ។
ចំណែកបរធនបាលកិច្ចជាបុគ្គល ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច មានចំនួន៤៣រូប និងក្រុមហ៊ុនដែលផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចមានចំនួន ១០។
លោកបន្ថែមថា ដើម្បីអភិវឌ្ឍន៍ទីផ្សារបរធនបាលកិច្ចបន្ថែម ភាគីពាក់ព័ន្ធនឹងបន្តជំរុញអភិវឌ្ឍន៍ទីផ្សារវិស័យបរធនបាលកិច្ចនេះឱ្យកាន់តែចម្រើន ទាំងបីកម្រិតរួមមាន កម្រិតតូច កណ្តាល និងធំ៕