(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងកំណត់គោលដៅភ្ញៀវទេសចរ ៤សែននាក់ពីមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ រួមទាំងចំនួនភ្ញៀវទេសចរណ៍ច្រើនបំផុតមិនធ្លាប់មានពីទីផ្សារបរទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Chaiwat Tamthai ប្រធានការិយាល័យនៃអាជ្ញាធរ TAT ប្រចាំទីក្រុងឌូបៃ និងមជ្ឈិមបូព៌ាបាននិយាយថា សេដ្ឋកិច្ចរបស់តំបន់នេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងតម្លៃប្រេង ដែលបណ្តាលឱ្យមានការកើនឡើងនូវទ្រព្យសម្បត្តិ និងការចាប់អារម្មណ៍ក្នុងការធ្វើដំណើរក្នុងចំណោមពលរដ្ឋរបស់ខ្លួន។

លោក Chaiwat បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងក្លាយជាទីផ្សារដ៏ធំបំផុតដែលមានអ្នកទស្សនាយ៉ាងហោចណាស់ ១៥០ ០០០នាក់ ដែលជំរុញដោយការតភ្ជាប់ការហោះហើរត្រង់ឡើងវិញ និងការស្តារទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងប្រទេសថៃ។

នេះគឺជាការផ្លាស់ប្តូរមួយ ដែលកាលពីអតីតកាលប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាទីផ្សារធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ាសម្រាប់ប្រទេសថៃ។

ក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរជនជាតិអារ៉ាប៊ីសាអូឌីតមានត្រឹមតែ ៣៦ ៧០០នាក់ប៉ុណ្ណោះ ធៀបនឹងភ្ញៀវជនជាតិអេមីរ៉ាតអារ៉ាប់រួមមានច្រើនជាង ១៤៥ ០០០នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

យោងតាមទិន្នន័យរបស់ TAT ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរពីមជ្ឈិមបូព៌ាច្រើនជាង ២៦៨ ០០០នាក់ ដោយប្រទេសអារ៉ាប៊ីសាអូឌីតនាំមុខគេដែលមានចំនួន ៧៥ ៦៥២នាក់ បន្ទាប់មកដោយអេមីរ៉ាតអារ៉ាប់រួមចំនួន ៤៩ ៩០៥នាក់ និងអូម៉ង់ចំនួន ៣៤ ៧២២នាក់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕