(អ៊ុកគ្លែន)៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ដោយបានក្លាយជាប្រទេសថ្មីដំបូងគេដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៨ និងបើកផ្លូវឱ្យប្រទេសជាសមាជិកពិចារណាលើពាក្យស្នើសុំចូលរួមរបស់ប្រទេសផ្សេងទៀតដូចជាចិន និងកោះតៃវ៉ាន់ចូលរួមដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការចុះហត្ថលេខានេះគឺជាផ្នែកមួយនៃកិច្ចប្រជុំរបស់គណៈកម្មការរបស់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលត្រូវបានរៀបចំឡើងនៅប្រទេសណូវែលសេឡង់។

រដ្ឋមន្ត្រីមកពីបណ្តាប្រទេសជាសមាជិកបានជួបប្រជុំគ្នានៅថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងរបៀបដើរឆ្ពោះទៅមុខជាមួយនឹងកម្មវិធីថ្មីៗ និងការពិនិត្យមើលឡើងវិញទៅលើកិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសលោកស្រី Kemi Badenoch ខណៈថ្លែងឯពិធីចុះហត្ថលេខានេះថា ប្រទេសរបស់លោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាសមាជិកថ្មីដំបូងគេនៃកិច្ចព្រមព្រៀង CPTPP។

លោកស្រី Badenoch បានមានប្រសាសន៍ថា៖ «នេះគឺជាកិច្ចព្រមព្រៀងទំនើប និងប្រកបដោយមហិច្ឆតា ហើយសមាជិកភាពរបស់យើងនៅក្នុងប្លុកនេះដ៏ជឿនលឿន និងអស្ចារ្យនេះគឺជាភស្តុតាងដែលបង្ហាញថា ទ្វាររបស់ចក្រភពអង់គ្លេសបើកចំហសម្រាប់អាជីវកម្ម»

កិច្ចព្រមព្រៀងនេះត្រូវតែទទួលបានការផ្តល់សច្ចាប័នពីរដ្ឋាភិបាលអង់គ្លេស។

កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយប្រទេសចំនួន១១ រួមមានអូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ណូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម៕