(សេអ៊ូល)៖ ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃចន្ទថា កូរ៉េខាងត្បូងចាំបាច់ត្រូវគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើការគ្រប់គ្រងហានិភ័យតម្លៃ ខណៈដែលបំណុលគ្រួសារខ្ពស់របស់ប្រទេសនេះបានចាប់ផ្តើមកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយធនាគារកណ្តាលកូរ៉េ (BOK) ថា៖ «នៅក្នុងលក្ខខណ្ឌគោលនយោបាយរូបិយវត្ថុ វាគួរតែពិចារណាលើស្ថិរភាពហិរញ្ញវត្ថុឱ្យកាន់តែសកម្ម ដើម្បីបង្កាការប្រើប្រាស់បំណុលលើសលប់ ឬការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យ នៅពេលដែលគោលនយោបាយរូបិយវត្ថុមានភាពធូររលុង»។
ធនាគារកណ្តាលកូរ៉េបានបន្ថែមថា៖ «មានការចាំបាច់ត្រូវពិភាក្សាអំពីការដាក់ចេញ 'គោលនយោបាយរូបិយវត្ថុប្រុងប្រយ័ត្ន' ដោយពិចារណាខ្លាំងលើស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើស្ថិរភាពតម្លៃ»។
ទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា បំណុលគ្រួសារនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមិថុនា ដែលបានកើនឡើងរយៈពេលបីខែ និងកើនខ្លាំងបំផុតក្នុងរយៈពេល ២១ខែ ដោយសារកំណើនតម្រូវការប្រាក់កម្ចីទិញផ្ទះ។
បំណុលគ្រួសារសរុបមានចំនួន ១០៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២២ ដែលជាចំនួនខ្ពស់បំផុតទីបីបន្ទាប់ពីប្រទេសស្វីស និងអូស្ត្រាលី ក្នុងចំណោមប្រទេសធំៗចំនួន៤៣ ដែលអនុវត្តតាមច្បាប់របស់ធនាគារ Bank for International Settlements។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕