(ក្រុងហ្កាន់ឌីណាហ្កា)៖ ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga នៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញផែនការថ្មីៗ ដើម្បីពង្រឹងតារាងតុល្យការរបស់ធនាគារ និងជួយប្រទេសនានាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាប្រឈមផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា ប្រធានធនាការពិភពលោករូបនេះបានឱ្យដឹងថា ការបង្កើនដើមទុននៅតែត្រូវការជាចាំបាច់។

លោក Banga ដែលបានកាន់មុខតំណែងជាប្រធានធនាគារពិភពលោកនៅថ្ងៃទី២ ខែមិថុនាបានប្រកាសសំណើថ្មីទាំងនេះដើម្បី «ធ្វើឱ្យតារាងតុល្យការរបស់យើងកាន់តែរឹងមាំ» ក្នុងអំឡុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចធំទាំង២០ (G20) នៅទីក្រុងហ្កាន់ឌីណាហ្កា (Gandhinagar) ប្រទេសឥណ្ឌា។

ផែនការថ្មីទាំងនេះដែលនៅតែត្រូវពិភាក្សាជាមួយបណ្តាប្រទេសជាម្ចាស់ភាគហ៊ុនរបស់ធនាគារពិភពលោក បានដាក់ចេញបន្ថែមពីលើវិធានការបឋមនានាដែលត្រូវបានអនុម័តកាលពីខែមេសា ដែលនឹងជំរុញការផ្តល់ប្រាក់កម្ចីរបស់ធនាគារនេះរហូតដល់ ៥០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

សហរដ្ឋអាមេរិកដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារនេះបានចាប់ផ្តើមជំរុញឱ្យមានការធ្វើកំណែទម្រង់កាលពីខែតុលាឆ្នាំមុន ដោយក្រោយមកបានតែងតាំង Banga ឱ្យស្នងតំណែងអតីតប្រធានលោក David Malpass ជាមួយនឹងអាណត្តិជាក់លាក់មួយដើម្បីពន្លឿនការវិវត្តរបស់ស្ថាប័នដែលមានអាយុជិត ៧០ឆ្នាំ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីនៅក្នុងសុន្ទរកថារបស់លោក Banga ថា៖ «យើងកំពុងធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យើងកំពុងបង្កើតធនាគារមួយដែលល្អជាងមុន ប៉ុន្តែនៅទីបំផុតយើងនឹងត្រូវការធនាគារដែលធំជាងនេះ»៕