(បែរឡាំង)៖ ធនាគារលំដាប់ពិភពលោក Deutsche Bank របស់អាល្លឺម៉ង់បានទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះពី ៦ភាគរយមកត្រឹម ៥,៣ភាគរយ ដោយលើកឡើងពីភាពទន់ខ្សោយនៃតម្រូវការប្រើប្រាស់ក្នុងស្រុក និងការធ្លាក់ចុះវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទិន្នន័យកាលពីថ្ងៃចន្ទបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៦,៤ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងពីអត្រា ៤,៥ភាគរយក្នុងត្រីមាសទី១ ឆ្នាំនេះ ប៉ុន្តែទាបជាងការរំពឹងទុកដែលថានឹងមានអត្រា ៧,៣ភាគរយដោយសារតម្រូវការធ្លាក់ចុះទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារ Deutsche Bank បានឱ្យដឹងថា ឥឡូវនេះខ្លួនរំពឹងថានឹងមានការដាក់ចេញវិធានការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមនៅឆមាសទី២ ឆ្នាំ២០២៣ ហើយធនាគារលំដាប់ពិភពលោកមួយនេះក៏មើលឃើញពីតម្រូវការឱ្យមានការបន្ធូរបន្ថយវិធានការសារពើពន្ធផងដែរ។

កាលពីថ្ងៃចន្ទ ក្រុមហ៊ុនធំៗលំដាប់ពិភពលោកនានាដូចជា ក្រុមហ៊ុន J.P.Morgan ក្រុមហ៊ុន Morgan Stanley និងក្រុមហ៊ុន Citigroup បានទម្លាក់ការព្យាករអំពីផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ២០២៣ របស់ខ្លួនសម្រាប់ប្រទេសចិន បន្ទាប់ពីការសម្រេចបានកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ កាន់តែខ្សោយបានបង្ហាញថា សន្ទុះសេដ្ឋកិច្ចក្រោយការបើកចំហរប្រទេសឡើងវិញបានថមថយ។

ក្រុមហ៊ុន J.P.Morgan ក្រុមហ៊ុន Morgan Stanley និងក្រុមហ៊ុន Citigroup ឥឡូវនេះរំពឹងថាប្រទេសចិននឹងសម្រេចបានកំណើន ៥ភាគរយនៅឆ្នាំនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Goldman Sachs បានរក្សាការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចក្នុងអត្រា ៥,៤ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕