(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ខាងមុខនេះ ដើម្បីទទួលអ្នកដំណើរមកកាន់ខេត្តវប្បធម៌មួយនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ការបើកដំណើរការ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ស្របពេលដែលកំណើនអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងជាបន្តបន្ទាប់។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំសមាគមទេសចរណ៍កម្ពុជា អញ្ជើញទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជាង ២ ៤៨០ ០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤ ៧២៥ កើនឡើង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យមមានចលនាហោះហើរទ្វេទិស ៨៥០ជើងក្នុងមួយសប្តាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩, ចិន, កូរ៉េខាងត្បូង, រដ្ឋបាលពិសេសហុងកុង, កោះតៃវ៉ាន់ និងកាតា។
លោកបានគូសបញ្ជាក់ថា «យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩»។
បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលរូបនេះ ដំណើរកាសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានលទ្ធផលយ៉ាងល្អ តាមការគ្រោងទុក ដែលមកទល់បច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង ៩៨%។
អាកាសយាន្តដ្ឋានថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។
ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។
លោកបន្ថែមថា «អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ ដែលជាសមិទ្ធផលហេដ្ឋារចនសម្ព័ន្ធដ៏ថ្មីស្រឡាងមួយនេះ នឹងជួយពន្លឿនចក្ខុវិស័យ និងទស្សនទានរបស់យើងផងដែរ ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជាទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Being 787-900 ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ដោយសារទីតាំងស្ថិតនៅជិតបំផុត តំបន់បេតិកភ័ណ្ឌអន្តរជាតិអង្គរ។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននិងពិភពលោក»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក៕