(ភ្នំពេញ)៖ សមាគមវារីវប្បករកម្ពុជា បានស្នើឱ្យភាគីចិនសហការវិនិយោគ និងបណ្តុះបណ្តាលបច្ចេកទេស លើការចិញ្ចឹមផលិតផលវារីវប្បកម្ម ដើម្បីនាំចេញទៅចិន តាមរយៈកិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ» ដោយសារចិនកំពុងមានតម្រូវការផលិតផលទាំងនេះ។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីសប្តាហ៍មុនសមាគមវារីវប្បករកម្ពុជា រួមជាមួយមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាលីបាបា ជាលើកទី២ ដើម្បីពិភាក្សាគ្នាពីតម្រូវការរបស់ចិន លើផលិតផលវារីវប្បកម្មកម្ពុជា និងលទ្ធភាពដែលកម្ពុជាអាចនាំចេញផលិតផលវារីវប្បកម្មទាំងនោះទៅបាន តាមរយៈកិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ»។
លោកបានគូសបញ្ជាក់ថា ភាគីចិនបានបង្ហាញនូវតម្រូវការផលិតផលវារីវប្បកម្មចំនួន១២មុខ ទាំងផលិតផលទឹកសាប និងទឹកប្រៃ រួមមាន បង្កងទឹកសាប បង្កងសមុទ្រ ត្រីខ្ចឹង អន្ទង់ បង្គារ ខ្ចៅ ខ្យង និងត្រីសមុទ្រមួយចំនួនទៀត។ ហើយផលិតផលទាំងនោះត្រូវតែមានមានស្តង់ដារ និងគុណភាព។
លោកបញ្ជាក់ថា ប៉ុន្តែផលិតផលិតផលអទិភាព ដែលភាគីចិនត្រូវការទាំងនេះ កម្ពុជាមិនទាន់អាចមានលទ្ធភាពផ្គត់ផ្គង់បាននោះទេ ដោយសារវារីវប្បករនៅកម្ពុជាភាគីច្រើន មិនសូវមានចិញ្ចឹមប្រភេទផលិតផលទាំងនោះ ហើយជាលក្ខណៈខ្នាតតូច ខណៈបច្ចេកទេសនៃការចិញ្ចឹម នៅមានកម្រិត ដែលត្រូវការអ្នកជំនាញបច្ចេកទេសមកបណ្តុះបណ្តាលបន្ថែម។
លោកបានឱ្យដឹងបន្ថែមថា «បច្ចុប្បន្នឱ្យយើងនាំចេញផលិតផលភ្លាមៗទៅប្រទេសចិន យើងមិនអាចធ្វើបាននោះទេ ដោយសារយើងត្រូវការពេលវេលាខ្លះ ដើម្បីធ្វើការសិក្សាអំពីស្តង់ដារគុណភាព។ ចំពោះបង្កងទឹកសាប បង្កងទឹកប្រៃអីកម្ពុជា ចិញ្ចឹមដែរ ប៉ុន្តែយើងចិញ្ចឹមខ្នាតតូច ហើយយើងអត់មានបច្ចេកទេសអីធំដុំទេ ហើយការនាំចេញទៅចិនត្រូវការបរិមាណច្រើន។ ដូចនេះហើយ យើងកំពុងតែពិភាក្សាគ្នា។ ចំពោះត្រីល្មូនដូចជាត្រីខ្ចឹង អន្ទង់ និងប្រភេទខ្យងខ្មៅ ក៏មានតែលក្ខណៈធម្មជាតិ ឯការចិញ្ចឹមយើងមិនទាន់មានខ្នាតធំនៅឡើយទេ។ នេះជាផលវិបាកដែលយើងត្រូវសិក្សាពីគ្នា បើប្រភេទត្រីបា ត្រីឆ្តោ ត្រីពោរ កម្ពុជាអាចធ្វើបាន ដែលយើងកំពុងចិញ្ចឹមបច្ចុប្បន្ន។»
លោកបន្តថា សមាគមវារីវប្បករកម្ពុជា បានសំសំណូមពរដល់ភាគីចិន ដែលមានតម្រូវការលើផលិតផលទាំងនោះ មកសហការវិនិយោគជាមួយអ្នកចិញ្ចឹមនៅកម្ពុជា ជាពិសេសផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើការចិញ្ចឹម និងត្រូវមានកិច្ចសន្យាកសិកម្ម ជាមួយកសិករទើបអាចធ្វើទៅបាន ព្រោះនេះជារឿងថ្មី។
លោកលើកឡើងថា «កសិករយើងបើថ្មីពេក មិនទាន់ហ៊ានធ្វើទេ ព្រោះមិនមានបច្ចេកទេសគ្រប់គ្រាន់ ខ្លាចមិនទទួលបានផលចំណេញ។ ខាងសមាគមអំពាវនាវឱ្យភាគីចិន ចុះមកធ្វើសហការវិនិយោគជាមួយគ្នា គេមានបច្ចេកទេស មានពូជ និងថវិកា យើងមានដី និងកម្លាំងពលកម្ម។ មានតែវិធីនេះទេទើបអាចអនុវត្តកិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ» នេះបាន»។
លោកបានឱ្យដឹងថា ចំពោះសំណើនេះ ភាគីចិននឹងយកទៅពិភាក្សាបន្តជាមួយក្រុមហ៊ុនរដ្ឋនៅប្រទេសចិន។ ចំណែកមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលជាស្ថាប័នរដ្ឋគាំទ្រលើការនាំចេញផលិតផលទាំងនេះ នឹងលើកយកបញ្ហានេះ ទៅជជែកជាមួយរដ្ឋបាលជលផលបន្ថែម ដើម្បីសិក្សាឈ្វេងយល់ ថាតើកម្ពុជាអាចចិញ្ចឹមផលិតផលទាំងនេះបានដែរឬទេ ជាពិសេសនៅតំបន់ប៉ូលសេដ្ឋកិច្ចពិសេសទី៤ ក្នុងភាគពាយ័ព្យ មានខេត្តចំនួន៤រួមមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
លោកបានឱ្យដឹងផងដែរថា កន្លងមកភាគីចិន បានមកធ្វើការសិក្សាហើយទាក់នឹងត្រីប្រា និងបានអនុញ្ញាតឱ្យនាំចេញកាលពីពេលកន្លងទៅ ប៉ុន្តែភាគីចិនមិនសូវមានតម្រូវការលើត្រីប្រាខ្លាំងទេ តែគេមានតម្រូវការលើប្រភេទផលិតផលទាំង១២មុខនេះជាង។ កម្ពុជាបានសាកល្បងនាំចេញត្រីប្រាចំនួន ២តោនទៅប្រទេសចិន កាលពីពេលកន្លងមកដែរ ប៉ុន្តែបានជួបបញ្ហារាំងស្ទះពាក់ព័ន្ធនឹងការបង្កកមិនត្រូវតាមស្តង់ដារ ដែលធ្វើឱ្យភាគីចិនមិនទទួល ដោយសារកម្ពុជាមិនទាន់មានប្រភេទទូបង្កកខ្នាតធំ សម្រាប់បង្កកត្រីនាំចេញនៅឡើយទេ។ បច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងធ្វើការសិក្សាឡើងវិញ ដើម្បីស្វែងរកការវិនិយោគលើទូបង្កកនេះ ក្នុងការនាំចេញនាពេលខាងមុខ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា និងចិន បានឈានទៅដាក់ចេញនូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ដែលហៅថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ ក្រោមកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នេះ កម្ពុជា និងចិន បានឯកភាពគ្នាអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដោយផ្តោតសំខាន់លើវិស័យចំនួន៥រួមមាន៖ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។
សម្រាប់កិច្ចសហការលើវិស័យកសិកម្ម ភាគីកម្ពុជា ចិនបានឯកភាពពិនិត្យលទ្ធភាពបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយព្យ នៃប្រទេសកម្ពុជា (មានខេត្តចំនួន៤រួមមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន) ដើម្បីអភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើបនៅក្បែរបឹងទន្លេសាប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត៕