(ភ្នំពេញ)៖ អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័ន្តរវាងកម្ពុជា និងចិន តាមរយៈ QR Code នឹងកាន់តែផ្តល់ងាយស្រួលដល់ការដោះដូរទំនិញ និងបង្កើតជម្រើសទូទាត់បន្ថែម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបង្កើតវិធីច្រើននៃការទូទាត់ប្រាក់ គឺជារឿងល្អដែលផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកស៊ី និងអ្នកវិនិយោគ។ ការទូទាត់នឹងកាន់តែងាយស្រួលសម្រាប់កម្ពុជា និងការនាំចេញចូលនូវមុខទំនិញផ្សេងៗ ហើយក៏ជាការទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតផងដែរ។

លោកមានប្រសាសន៍ថា «អាជីវករ អ្នកវិនិយោគ អ្នករកស៊ីជួញដូររីករាយ និងគាំទ្រ ប្រសិនបើមានមធ្យោបាយក្នុងការទូទាត់ជាមួយរូបិយវត្ថុច្រើនប្រភេទ នឹងកាន់តែងាយស្រួល ក៏ដូចជាផ្តល់នូវជម្រើសបន្ថែមក្នុងការទូទាត់ និងការដោះដូរទំនិញជាមួយបណ្តាប្រទសផ្សេងៗ។ ជាក់ស្តែងក្នុងកិច្ចប្រជុំអាស៊ាន ដែលប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើជាប្រធានកាលពីពេលកន្លងទៅ ក៏បានលើកឡើងពីមធ្យោបាយទូទាត់ក្នុងតំបន់អាស៊ាន ក្នុងការប្រើប្រាស់រូបិយវត្ថុរៀងៗខ្លួនផងដែរ»

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ ពោលគឺប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសចិន អាចស្កេន និងទូទាត់តាមប្រព័ន្ធ QR Code នៅក្នុងប្រទេសចិន មានដូចជា UnionPay Wechat និង Alipay ជាដើម។ហើយពលរដ្ឋចិនដែលមកកាន់កម្ពុជា មានប្រព័ន្ធរបស់ UnionPay ក៏អាចទូទាត់ប្រាក់នៅកម្ពុជាតាមរយៈQR Codeបាន។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា «ក្នុងសម័យបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា​ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ឲ្យក្លាយជាប្រព័ន្ទទូទាត់អេឡិចត្រូនិក ជាក់ស្ដែងដូចកិច្ចសហការរបស់ធនាគារជាតិ និងក្រុមហ៊ុន UnionPay International មិនមែនជាកិច្ចសហការគ្នា ដែលតម្រូវឲ្យទេសចរចិនចូលមកប្រទេសកម្ពុជា អាចកាន់ក្រដាសប្រាក់យ័នចិនចាយលើទឹកដីកម្ពុជានោះឡើយ តែជាការសហការគ្នាដោយទូទាត់តាមប្រព័ន្ធ QR Code មានន័យថា ប្រសិនបើទេសចរចិនចង់ទូទាត់ QR Code នៅកម្ពុជា តម្រូវឲ្យទេសចរចិនមានគណនីរប​ស់ UnionPay ហើយស្កេនតាមប្រព័ន្ធ KHQR (តែតម្រូវឲ្យជាគណនីប្រាក់រៀល) នៅកម្ពុជា ដូច្នេះបន្ទាប់ពីការទូទាត់អាជីវករកម្ពុជានឹងទទួលបានប្រាក់ ពីគណនីរបស់ទេសចរចិន តែប្រាក់ដែលទទួលបានគឺជាប្រាក់រៀល មិនមែនជាប្រាក់យ័នចិននោះទេ»

លោកស្រីបានបញ្ជាក់ថា ចំពោះការទូទាត់ឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពិតជាផ្ដល់ផលចំណេញ លើការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ដោយសារតែការសហការគ្នានេះ តម្រូវឲ្យមានគណនីជាប្រាក់រៀល មានន័យថា ទេសចរចិនអាចទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជាបាន លុះត្រាតែអាជីវករកម្ពុជាមានគណនីជាប្រាក់រៀល។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការទូទាត់តាមប្រព័ន្ធ QR Codeជាមធ្យោបាយឬជាយន្តការក្នុងការសម្រួលដល់វិនិយោគិន និងទេសចរក្នុងការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធ QR Code ដែលកាន់តែងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងការចាយវាយរបស់ភ្ញៀវទេសចរ ដោយមិនចាំបាច់ទៅប្តូរប្រាក់តាមធនាគារឬកន្លែងប្តូរប្រាក់ដូចមុន។

ជាមួយគ្នា នៅពេលដែលការទូទាត់រវាងកម្ពុជានិងចិន ប្រើជាប្រាក់រៀល និងប្រាក់យ័ន្ត នាពេលខាងអាចនឹងត្រូវកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងការទូទាត់ ដែលធ្វើឱ្យប្រាក់ដុល្លារមិនមានសម្ពាធនៅក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងចិន និងប្រទេសដទៃទៀតដែលមានកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រព័ន្ធ QR Code។

តែយ៉ាងណាកម្ពុជា អាចនឹងត្រូវការបរិមាណប្រាក់ច្រើនទៅតាមទំហំនៃការដោះដូរទំនិញ សម្រាប់ការទូទាត់ជាមួយចិន ព្រោះកន្លងទៅភាគច្រើនកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារ ជាមូលដ្ឋាននៃការទូទាត់ជាមួយចិន។ ករណីនេះកម្ពុជាអាចនឹងត្រូវការបោះប្រាក់បន្ថែម ទៅក្នុងសេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា «ចឹងបានន័យថានៅក្នុងការទូទាត់នៅក្នុងកិច្ចពាណិជ្ជកម្មអន្តរជាតិ យើងត្រូវការសាច់ប្រាក់របស់យើងច្រើនណាស់ ហេតុនេះយើងត្រូវការបោះពុម្ភសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចបន្ថែម ប្រសិនបើយើងបោះពុម្ភសាច់ទៅក្នុងសេដ្ឋកិច្ចសង្គម អ៊ីចឹងសាច់ប្រាក់យើងនឹងចាល់ មានច្រើននៅក្នុងទីផ្សារ។ ដែលបញ្ហានេះអាចនឹងធ្វើឱ្យតម្លៃប្រាក់រៀលកាន់តែចុះថោក ។នេះក៏ជាអ្វីដែលយើងត្រូវគិតដែរ។ ពេលនោះហើយដែលយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យបានប្រយ័ត្នប្រយែង និងគ្រប់គ្រងឱ្យបានម៉ត់ចត់ពាក់ព័ន្ធនឹងចរន្តនៃការទូទាត់»

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា-ចិនសម្រេចបានទំហំពាណិជ្ជកម្មជាង៦.១ពាន់លានដុល្លារ កើនឡើង២៨% ក្នុងនោះកម្ពុជានាំចេញទៅចិន ក្នុងតម្លៃជាង៧១៣លានដុល្លារ កើនឡើង១៦.៦% និងចិននាំចូលមកកម្ពុជា ក្នុងតម្លៃ៥.៤ពាន់លានដុល្លារ កើនឡើង១.២%។

បច្ចុប្បន្ននេះកម្ពុជាក៏បានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងបន្ដសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម៕