(តូក្យូ)៖ សហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួនកំពុងដកចេញវិធានការរឹតបន្តឹងលើការនាំចូល ផលិតផលម្ហូបអាហាររបស់ជប៉ុន ដែលបានដាក់ចេញបន្ទាប់ពីកើតមានគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែលជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា៖ «យើងបានធ្វើសេចក្ដីសម្រេចចិត្តនេះដោយផ្អែកលើវិទ្យាសាស្រ្ត ដោយផ្អែកលើភស្តុតាង និងលើការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ»។

រដ្ឋាភិបាលទីក្រុងតូក្យូបាននិងកំពុងអំពាវនាវឱ្យសហភាពអឺរ៉ុបបញ្ចប់វិធានការទប់ស្កាត់ការនាំចូលដែលបានដាក់ចេញបន្ទាប់ពីគ្រោះមហន្តរាយឆ្នាំ២០១១ ដែលយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់សហភាពអឺរ៉ុប វិធានការនេះតម្រូវឱ្យមានការធ្វើតេស្តមុនពេលនាំចេញយ៉ាងហ្មត់ចត់នូវផលិតផលម្ហូបអាហារដើម្បីរកមើលសារធាតុវិទ្យុសកម្ម។

យោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប លោកស្រី Von der Leyen បានថ្លែងថា ការរឹតបន្តឹងត្រូវបានដកចេញគិតត្រឹមថ្ងៃព្រហស្បតិ៍។ ការទប់ស្កាត់នេះដែលត្រូវបានបន្ធូរបន្ថយជាបណ្តើរៗក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នៅតែមានសុពលភាពចំពោះផ្សិតព្រៃ ប្រភេទត្រីមួយចំនួន និងរុក្ខជាតិព្រៃដែលអាចបរិភោគបាន។

លោកនាយក Kishida បានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹងជំរុញឱ្យមានការស្ទុះងើបឡើងវិញ និងការកសាងឡើងវិញនៃតំបន់ដែលរងផលប៉ះពាល់ ហើយវាមានមូលដ្ឋានលើវិទ្យាសាស្រ្តដ៏រឹងមាំ ដូច្នេះយើងមានតម្លៃខ្លាំងណាស់ ហើយស្វាគមន៍ការសម្រេចចិត្តនោះ»

ខណៈការនាំចេញអាហារពីប្រទេសជប៉ុនទៅកាន់សហភាពអឺរ៉ុបមានតិចតួច ការសម្រេចចិត្តនេះមានតម្លៃជានិមិត្តរូប ដែលកើតឡើងនៅពេលដែលទីក្រុងហុងកុងត្រៀមហាមឃាត់ការនាំចូលផលិតផលជលផលដោយសារផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់រាវដែលបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រនុយក្លេអ៊ែរដែលខូចចូលទៅក្នុងមហាសមុទ្រដែលចាប់ផ្តើមពីរដូវក្តៅនេះទៅ។

លោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបនិងជប៉ុនក៏កំពុងធ្វើការសម្រួលដល់ការទទួលបានផលិតផលកសិកម្មផងដែរ ជាពិសេសសាច់គោ ផ្លែឈើ និងបន្លែទៅកាន់ប្រទេសអាស៊ីមួយនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕