(បារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា តម្រូវការប្រេងពិភពលោកនឹងមិនកើនឡើងលឿន ដូចការរំពឹងទុកនាពេលកន្លងមកនៅឆ្នាំនេះទេ ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍ថយចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារថាពល IEA មានមូលដ្ឋាននៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់ប្រេងឥន្ធនៈពិភពលោកនឹងកើនឡើង ២,២លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ២% នៅក្នុងឆ្នាំ២០២៣ ធ្លាក់ថយចុះប្រហែល ២២០ ០០០បារ៉ែលធៀបនឹងការព្យាករកាលពីខែមុន។ ទោះជាយ៉ាងនេះក្តី តម្រូវការនៅតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកកម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយមានការបញ្ចេញប្រេងពីស្តុកយ៉ាងច្រើន នៅឆមាសទី២ ឆ្នាំនេះ។

ទីភ្នាក់ងារ IEA បាននិយាយថា «តម្រូវការប្រេងពិភពលោក កំពុងស្ថិតក្រោមសម្ពាធពីបរិយាកាសសេដ្ឋកិច្ច ដែលមានការប្រឈមជាពិសេស ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុយ៉ាងខ្លាំងប៉ុណ្ណោះទេ»។ IEA បានបន្ថែមថា៖ «តម្រូវការនៅក្នុងប្រទេសជាសាមជិកអង្គការ OECD និងជាពិសេសនៅអឺរ៉ុបកំពុងធ្លាក់ចុះ ក្នុងគ្រាដែលមានការធ្លាក់ចុះសកម្មភាពឧស្សាហកម្ម»

កាលពីថ្ងៃពុធ តម្លៃប្រេងក្នុងកិច្ចសន្យាអនាគត នៅទីក្រុងឡុងដ៍កើនឡើងលើសពី ៨០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ក្នុងរយៈពេលពីរខែដែលមួយផ្នែកដោយសារសញ្ញាថា ការធ្លាក់ចុះអតិផរណា អាចជួយបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់។ ទីផ្សារប្រេងពិភពលោកកំពុងរឹតបន្តឹង ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីត និងដៃគូប្រេងផ្សេងទៀតនៃអង្គការ OPEC+ របស់ខ្លួនបានទប់ស្កាត់ការផ្គត់ផ្គង់ ខណៈដែលការប្រើប្រាស់ប្រេងឥន្ធនៈ នៅតែបន្តងើបឡើងវិញពីជំងឺរាតត្បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕