(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងថមថយដោយសារការវិនិយោគឯកជនទន់ខ្សោយ ការថយចុះការនាំចេញ និងការធ្លាក់ចុះតម្រូវការក្នុងស្រុក បន្ទាប់ពីដំណើរការប្រទេសឡើងវិញដ៏រឹងមាំ នៅក្នុងត្រីមាសទី១ ក្រោយការបិទខ្ទប់រារាំងជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្ដីលោកស្រី Julie Kozack អ្នកនាំពាក្យមូលនិធិ IMF ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌ មានជាប្រចាំមួយថា «ដូច្នេះរូបភាពទូទៅសម្រាប់កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសចិន គឺជាសេដ្ឋកិច្ចមួយដែលកំពុងធ្លាក់ចុះ ហើយវាស្របនឹងការព្យាករ ដែលយើងមាននៅក្នុងខែមេសា»។ លោកស្រីបានបន្ថែមថា មូលនិធិសង្កេតឃើញថា អតិផរណានៅចិនកំពុងថមថយ។
លោកស្រី Kozack បាននិយាយថា មូលនិធិ IMF នឹងកែប្រែការព្យាករអំពីកំណើនសេដ្ឋកិច្ចចិនរបស់ខ្លួនឡើងវិញ ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា ប៉ុន្តែមិនបានចង្អុលបង្ហាញថាតើអត្រាកំណើនសេដ្ឋកិច្ចនឹងមានកម្រិតទាបជាងនេះនោះឡើយ។
មូលនិធិ IMF កាលពីខែមេសាបានព្យាករថា កំណើន ផ.ស.ស ពិតរបស់ប្រទេសចិនឆ្នាំ២០២៣ នឹងមានអត្រា ៥.២ភាគរយ កើនឡើងពីអត្រា ៣ភាគរយនៅឆ្នាំ២០២២ ដែលញាំញីដោយសារកូវីដ-១៩។ ការបើកដំណើរការប្រទេសឡើងវិញរបស់ប្រទេសចិន គឺជាចំណុចសំខាន់មួយ ក្នុងការព្យាករកាលពីខែមេសារបស់ IMF ដែលនៅពេលនោះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសធំៗជាច្រើន បានថមថយដោយសារគោលនយោបាយរូបិយវត្ថុ កាន់តែតឹងរឹងដែលប៉ះពាល់ដល់តម្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕