(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុន គឺអាស្រ័យនឹងយុទ្ធសាស្ត្ររបស់វិនិយោគិនម្នាក់ៗ ដោយសារតែតម្លៃហ៊ុនតែងតែប្រែប្រួលជាប្រចាំអាស្រ័យទៅលើសកម្មភាពទិញលក់ប្រចាំថ្ងៃ។
យ៉ាងណាមិញដើម្បីទទួលបានផលចំណេញពីការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន លោក ហុង សុហួរ បានប្រាប់ពីគន្លឹះមួយចំនួនដែលវិនិយោគិនត្រូវធ្វើនៅពេលដែលតម្លៃហ៊ុនឡើងថ្លៃ ឬធ្លាក់ថ្លៃ។
ក្នុងបទសម្ភាសជាមួយ Fresh News ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហុង សុហួរ មានប្រសាសន៍ថា សម្រាប់អ្នកវិនិយោគរយៈពេលវែង ពួកគេមិនត្រូវខ្វាយខ្វល់នឹងថ្លៃកើន ឬធ្លាក់ប្រចាំថ្ងៃនោះទេ។ ពួកគេអាចបន្តវិនិយោគជាប្រចាំទៅតាមផែនការរបស់ខ្លួន លើភាគហ៊ុនដែលខ្លួនពេញចិត្តកាន់ទុកលើរយ:ពេលវែង ហើយលក់ចេញតែនៅពេលត្រូវការលុយធំសម្រាប់ទិញផ្ទះ ឬបើកអាជីវកម្មថ្មី ឬទិញឡានជាដើម ឬរក្សាទុកដល់ពេលចូលនិវត្តន៍តែម្ដង។ បើហ៊ុនដែលបានជ្រើសរើសនោះជាក្រុមហ៊ុនល្អ ថ្លៃហ៊ុនរបស់វានឹងកើនឡើងច្រើនលើរយ:ពេលវែង ជាពិសេស នៅពេលដែលផ្សារហ៊ុនរីកកាន់តែធំ។
លោកបន្ថែមថា«សម្រាប់វិយោគិនរយ:ពេលខ្លីវិញ ភាគហ៊ុនដែលបានទិញហើយ នឹងត្រូវលក់វិញ នៅពេលដែលថ្លៃហ៊ុនណាមួយកើនឡើងខ្លាំងលើសពីកម្រិតចាំបាច់ ឧទាហរណ៍ ២០% ឬ ៥០% ជាដើម ហើយយកប្រាក់នោះ ទៅទិញហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀត ដែលខ្លួនគិតថាល្អហើយនៅធូរថ្លៃ។ តែផ្ទុយមកវិញ បើសិនជា ភាគហ៊ុនដែលខ្លួនបានទិញ ធ្លាក់ថ្លៃខ្លាំង តែខ្លួនគិតថាក្រុមហ៊ុននៅតែល្អនោះ វិនិយោគអាចទិញបន្ថែម ដើម្បីកាត់បន្ថយថ្លៃដើម ក្នុងមួយហ៊ុន ។ ចឹងនិយាយជារួម «ឡើងថ្លៃខ្លាំង ត្រូវលក់ចេញ។ ធ្លាក់ថ្លៃខ្លាំង ត្រូវទិញថែម»។
អគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ បន្តអំពាវនាវឱ្យសាធារណជន ចាប់ផ្ដើមស្វែងយល់ និងចូលរួមនៅក្នុងទីផ្សារមូលបត្រ ឬផ្សារហ៊ុននេះ ដើម្បីចំណេញខ្លួនឯងផង និងចំណេញដល់ប្រទេសជាតិផង។ បើមានអាជីវកម្មស្តង់ដារខ្ពស់ សូមយកក្រុមហ៊ុនមកចុះបញ្ជីលក់ភាគហ៊ុន។ បើមានទុនទំនេរ សូមយកមួយចំណែក តូចឬធំទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន មកវិនិយោគលើភាគហ៊ុន។ ប្រាក់ដែលបានពីការទិញភាគហ៊ុននេះ នឹងបានទៅម្ចាស់អាជីវកម្មស្តង់ដារនានា ដែលនឹងមានឱកាសពង្រីកអាជីវកម្មបន្ថែម បង្កើតការងារបន្ថែម និង បង្កើនសេដ្ឋកិច្ចបន្ថែម៕