(ភ្នំពេញ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៣៦ម៉ឺនតោនទៅក្រៅប្រទេស ធ្លាក់ចុះ១២.៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដានេះថា ការនាំចេញស្វាយចន្ទីទៅក្រៅប្រទេស ធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ ដោយសារតែ បីកត្តា គឺ កត្តាទី១៖ កសិករមួយចំនួនកាលពីពេលកន្លង ទៅបានកាប់ដើមចន្ទីចោល ហើយងាកទៅដាំដំណាំផ្សេងវិញ ដែលមានប្រមាណជាង ១០ម៉ឺនហិកតា ធ្វើឱ្យទិន្នផលធ្លាក់ចុះជាងមុន។ កត្តាទី២ គឺកសិករដែលមានលទ្ធភាព បានហាលគ្រាប់ឆៅស្តុកទុកសិន ដើម្បីបញ្ចេញលក់នៅអំឡុងខែសីហា ឬខែកញ្ញា ដែលពួកគាត់រំពឹងថានឹងទទួលបានថ្លៃជាងពេលបច្ចុប្បន្ននេះ ព្រោះជាទូទៅក្នុងអំឡុងជិតចុងឆ្នាំ គ្រាប់ឆៅបានឡើងថ្លៃមួយកម្រិតទៀត។
លោកបន្តថាកត្តាមួយទៀត គឺបច្ចុប្បន្ន អ្នកកែច្នៃនៅក្នុងស្រុកមានលទ្ធភាព ក្នុងការប្រជែងប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ សម្រាប់ស្តុកទុកបានច្រើនជាងមុន ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ហើយមានការគាំទ្រពីធនាគារ SME និងធនាគារ ARDB ក្នុងការផ្តល់ប្រាក់កម្ចីដល់សហគ្រាសកែច្នៃ ដែលធ្វើឱ្យសហគ្រាសមួយចំនួនមានទុនច្រើន ក្នុងការប្រជែងទិញគ្រាប់ស្វាយចន្ទីពីកសិករ សម្រាប់កែច្នៃ។
បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅ ដែលកសិករលក់នាពេលកន្លងមក ៥៥០០រៀលទៅ៦៥០០រៀលទៅតាមគុណភាពគ្រាប់ ហើយលោករំពឹងថា ក្នុងអំឡុងពេលខែសីហា និងខែកញ្ញាខាងមុខនេះ តម្លៃគ្រាប់ឆៅនឹងកើនឡើងដល់ ៦៨០០រៀល។
តែយ៉ាងណាលោកបញ្ជាក់ថា ទិន្នន័យនៃការនាំចេញគ្រាប់ស្វាយចន្ទី អាចនឹងមានលើសពីតួលេខ ដែលកត់ត្រាដោយក្រសួងកសិកម្ម ព្រោះការនាំចេញមួយចំនួន ទៅប្រទេសជិតខាងធ្វើឡើងក្រៅផ្លូវការ តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួន ដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ ពីក្រសួងនោះឡើយ។
បើតាមតួលេខដែលកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន៥សែន ៧ម៉ឺន ៦ពាន់តោន ក្នុងនោះចេញទៅកាន់ប្រទេសវៀតណាមចំនួន ៥៤ម៉ឺន ៧ពាន់តោន ទទួលបានទឹកប្រាក់ ៧៥០លានដុល្លារ ថយចុះ១១.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដោយលក់បានក្នុងតម្លៃជាមធ្យម ១ ៣៨២ដុល្លារក្នុងមួយតោន សម្រាប់គ្រាប់សើម និង តម្លៃ១៦១០ដុល្លារ សម្រាប់គ្រាប់ស្ងួត។
ប្រធានសមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា នៅឆ្នាំ២០២៤ ធនាគាររបស់រដ្ឋទាំងពីរ នឹងបញ្ចេញទុនកាន់តែច្រើន ដល់អ្នកផលិត និងកែច្នៃនៅកម្ពុជា ដើម្បីឱ្យពួកគេមានលទ្ធភាពច្រើន ក្នុងការប្រមូលទិញគ្រាប់ឆៅពីកសិករ ហើយកែច្នៃ នាំចេញផលិតផលសម្រេចវិញ ដើម្បីទទួលបានតម្លៃបន្ថែម ដែលជាការរួមចំណែកជួយដល់ឧស្សាហកម្មស្វាយចន្ទីនេះ។
លោកបន្តថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមស្វាយចន្ទីកម្ពុជា និងធនាគារ SME កាលពីដើមខែមិថុនាកន្លងទៅ ធនាគាររដ្ឋមួយនេះ បានផ្តល់អត្រាការប្រាក់ពិសេស ៥.៥% សម្រាប់អ្នកផលិតនិងកែច្នៃក្នុងវិស័យស្វាយចន្ទី និង ៥% សម្រាប់សហគ្រិនជាស្រ្តី ដែលជាកម្រិតអត្រាការប្រាក់មួយដ៏ល្អមួយ សម្រាប់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីជំរុញឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទិញពីកសិករ និងមានលទ្ធភាពប្រជែងទិញជាមួយប្រទេសជិតខាង។
លោកបន្ថែមថា «ការប្រជែងទិញនេះ គឺជួយកសិករបានច្រើនព្រោះយើងអាចរក្សាតម្លៃស្វាយចន្ទី និងជួយកសិករមិនឱ្យឈ្មួញកណ្តាល ក្រឡុកបានតាមចិត្តដូចមុនទៀតនោះទេ»។
លោកបន្តថា ការចុះស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈម ក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជាជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
យោងតាមការកត់ត្រារបស់សមាគមស្វាយចន្ទីកម្ពុជា កាលពីឆ្នាំ២០២២ ពិភពលោកផលិតបានគ្រាប់ស្វាយចន្ទីសរុបចំនួនជាង៤.៤ លានតោន ក្នុងនោះកម្ពុជាផលិតបាន ៦៩ម៉ឺនតោន ដែលស្មើនឹង១៦%នៃការផលិតសរុបនៅលើពិភពលោក៕