(ព្រុចសែល)៖ សហភាពអឺរ៉ុបនិងប្រទេសអូស្ត្រាលីបានជាប់គាំងក្នុងការចរចាដែលមានបំណងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងសប្តាហ៍នេះ ខណៈដែលដៃគូទាំងនេះព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
អ្នកតំណាងរបស់ប្រទេសអូស្ត្រាលីបានបញ្ចប់កិច្ចពិភាក្សានៅទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារ បន្ទាប់ពីភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់ការសម្របសម្រួលលើចំណុចដែលមិនចុះសម្រុងគ្នា។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីការចរចានេះថា ចំណុចដែលជាប់គាំងក្នុងការចរចា រួមមានការចូលក្នុងទីផ្សារនាំចេញកសិផលមួយចំនួនរបស់អូស្ត្រាលី ជាពិសេសសាច់គោ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បាននិយាយថា ភាគីទាំងពីរមិនអាបិទបញ្ចប់ភាពខ្វែងគំនិតគ្នារវាងអ្វីដែលសភាពអឺរ៉ុបកំពុងផ្តល់ជូន និងអ្វីដែលអ្នកផលិតនិងអាជីវកម្មអូស្ត្រាលីរំពឹងទុកនោះទេ។
បន្ទាប់ពីកិច្ចចរចានៅទីក្រុងព្រុចសែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង លោក Farrell បានថ្លែងថា៖ «យើងត្រៀមខ្លួនតស៊ូចរចារហូតដល់យើងទទួលបានលទ្ធផលត្រឹមត្រូវទាំងសម្រាប់ប្រទេសអូស្ត្រាលី និងអឺរ៉ុប»។
ភាគីទាំងពីរមានបំណងបញ្ចប់កិច្ចចរចានៅសប្តាហ៍នេះ មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំរបស់ប្រទេសដែលជាសមាជិកអង្គការណាតូនៅទីក្រុង Vilnius ដោយសារនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese ស្ថិតនៅក្នុងទ្វីបអឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំរបស់មេដឹកនាំទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕