(ប៉េកាំង)៖ សមាគមឧស្សាហកម្មរ៉ែកម្រចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់ការផ្តល់ព័ត៌មានអំពីការរុករករ៉ែ ការកែច្នៃ និងការរត់ពន្ធរ៉ែកម្រខុសច្បាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សយដោយសមាគមឧស្សាហកម្មរ៉ែកម្រចិនថា សមាគមនឹងពិនិត្យមើលព័ត៌មានដែលបានដាក់ជូន ហើយបញ្ជូនព័ត៌មានដែលផ្ញើមកនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធប្រសិនបើចាំបាច់។

អាជ្ញាធរចិនបានបង្កើតវិធានការជាច្រើនដើម្បីព្យាយាមទប់ស្កាត់បញ្ហាដែលមានរយៈពេលយូរមកហើយជាមួយនឹងការជីកយករ៉ែកម្រខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងប្រព័ន្ធកូតារុករករ៉ែប្រចាំឆ្នាំផងដែរក្នុងគ្រាដែលតម្រូវការរ៉ែនៅទូទាំងសកលលោកកើនឡើង។

ទិន្នន័យដែលទទួលបានពីការអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បង្ហាញថា ប្រទេសចិនមានភាពលេចធ្លោនៅក្នុងទីផ្សាររ៉ែកម្រ ដែលស្មើនឹង ៧០ភាគរយនៃផលិតកម្មរ៉ែកម្រពិភពលោកក្នុងឆ្នាំ២០២២៕